(ភ្នំពេញ)៖ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ សម្រេចបាន ៧៦,២៩៤ តោន កើន១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិដឹកជញ្ជូនតាមផ្លូវអាកាស រយៈពេល ៩ខែឆ្នាំ២០២៦ របស់អាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា (តេជោ – សៀមរាបអង្គរ – ព្រះសីហនុ)។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកត់សម្គាល់ថា កំណើននេះត្រូវបានជំរុញដោយកត្តាសំខាន់ៗជាច្រើន រួមមានសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងទំនិញថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលអាចទទួលបរិមាណ និងប្រភេទទំនិញបានច្រើនជាងមុន។
ទន្ទឹមគ្នានេះ តម្រូវការនាំចេញ-នាំចូលទំនិញដែលមានតម្លៃខ្ពស់ ទំនិញប្រញាប់ និងពាណិជ្ជកម្មអេឡិចត្រូនិក ក៏ជាកត្តារួមចំណែកដ៏សំខាន់ផងដែរ។ លើសពីនេះ ការផ្លាស់ប្តូរពីការដឹកជញ្ជូនតាមផ្លូវសមុទ្រមកផ្លូវអាកាស ដោយសារការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល និងគោលនយោបាយបើកចំហដែនអាកាសរបស់រាជរដ្ឋាភិបាល រួមទាំងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយសហរដ្ឋអាមេរិក បានបើកឱកាសកាន់តែទូលំទូលាយសម្រាប់ជើងហោះហើរដឹកទំនិញ។
បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ប្រភេទទំនិញនាំចេញសំខាន់ៗដែលដឹកជញ្ជូនតាមផ្លូវអាកាសរួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿងបន្លាស់អេឡិចត្រូនិក និងអគ្គិសនី កញ្ចប់ឥវ៉ាន់ពាណិជ្ជកម្មអេឡិចត្រូនិក និងផលិតផលកសិកម្មស្រស់ ដូចជាផ្លែឈើ និងបន្លែ។ ចំណែកទំនិញនាំចូល រួមមាន វត្ថុធាតុដើម និងគ្រឿងបន្លាស់សម្រាប់រោងចក្រ ឱសថ និងបរិក្ខារពេទ្យ គ្រឿងម៉ាស៊ីន និងឧបករណ៍បច្ចេកវិទ្យា ព្រមទាំងទំនិញប្រើប្រាស់ដែលមានតម្លៃខ្ពស់។ ជាមួយគ្នានេះ ការផ្ញើទំនិញប្រៃសណីយ៍ និងកញ្ចប់ឥវ៉ាន់បញ្ជូនរហ័ស (Express) ដែលកំពុងកើនឡើងស្របតាមកំណើនពាណិជ្ជកម្មអេឡិចត្រូនិក ក៏ជាកត្តារួមចំណែកជំរុញកំណើននេះផងដែរ។
ឯកឧត្តមបានឱ្យដឹងដែរថា ក្នុងខែកញ្ញា ឆ្នាំ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសម្រេចបាន ៩,៧៣៥ តោន កើនឡើង ២៥% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមបន្តថា «យើងរំពឹងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនឹងបន្តរក្សាសន្ទុះល្អ ក្នុងរដូវកាលចុងឆ្នាំ។ ទោះជាយ៉ាងណា អត្រាកំណើនអាចមានកម្រិតទាបជាងមុន ដោយសារមូលដ្ឋានប្រៀបធៀបខ្ពស់នៃត្រីមាសទី៤ ឆ្នាំ២០២៥ ព្រមទាំងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតម្លៃប្រេងឥន្ធនៈ»៕



