ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្រ្តាចារ្យ (ក.ជ.ស.) បានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ក.ជ.ស., ទេសរដ្ឋមន្រ្តី រដ្ឋលេខាធិការ លោកសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ក.ជ.ស. ព្រមទាំងលោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយលើកឡើងថា កិច្ចប្រជុំលើកទី៣ នាពេលនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ នៃដំណើរការរៀបចំដាក់ឱ្យអនុវត្តការផ្តល់ឋានៈ សាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពីកិច្ចប្រជុំកន្លងទៅ ក៏ដូចជាបញ្ហាប្រឈម និងកិច្ចការចាំបាច់នានា ក្នុងនោះរបៀបវារៈដែលត្រូវពិនិត្យនិងពិភាក្សា រួមមាន៖

*ទី១៖ សមាសភាពក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃ ក.ជ.ស
*ទី២៖ សមាសភាពគណៈកម្មការជំនាញវិស័យអប់រំ កសិកម្ម និងសុខាភិបាល
*ទី៣៖ បទបញ្ជាផ្ទៃក្នុងរបស់ ក.ជ.ស
*ទី៤៖ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ របស់ ក.ជ.ស
*ទី៥៖ សៀវភៅណែនាំប្រតិបត្តិស្តីពីលក្ខណៈវិនិច្ឆ័យ និងដំណើរការវាយតម្លៃនិងផ្តល់ឋានៈសាស្ត្រាចារ្យ។

កិច្ចប្រជុំលើកទី៣នេះ បានពិភាក្សាពីតួនាទីរបស់ក្រុមប្រឹក្សាជាតិក្នុង​ការ​ផ្ដល់​ឋានៈសាស្ត្រា​ចារ្យ​នៅកម្ពុជា​ ជាមួយនឹងការលើកឡើងពីការ​សិក្សាបទពិសោធ​ក្នុងតំបន់​និងអន្តរជាតិ ព្រមទាំង​យន្តការ​ នីតិវិធី និង​ក្រមប្រតិបត្តិច្បាស់ លាស់ក្នុងដំណើរការនៃការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស លក្ខណៈវិនិច្ឆ័យ និងការពិនិត្យផ្ទៀងផ្ទាត់លើគុណភាពសាស្ត្រាចារ្យទាំង ៣ឋានៈ រួមមាន៖ សាស្រ្តាចារ្យជំនួយ, សាស្រ្តាចារ្យរង និងសាស្រ្តាចារ្យ ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្របទៅតាមស្ដង់ដាតំបន់ជាក់លាក់ និងលក្ខណៈវិនិច្ឆ័យផ្សេងទៀត។

កិច្ចប្រជុំ​បាន​សម្រេចអនុម័ត​លើ​ផែនការសកម្មភាពប្រចាំឆ្នាំ២០២៧ របស់ ក.ជ.ស និងបានផ្តល់ការណែនាំឱ្យអគ្គលេខាធិការ ក.ជ.ស ធ្វើការកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់ ក.ជ.ស, សេចក្ដីសម្រេចស្ដីពី ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃក.ជ.ស. និងសេចក្ដីសម្រេចស្ដីពីគណៈកម្មការជំនាញវិស័យអប់រំ កសិកម្ម និងសុខាភិបាល ឱ្យបានរួចរាល់នៅត្រឹមដំណាច់ខែតុលានេះ។

ទន្ទឹមនឹងនេះ ចំពោះសៀវភៅណែនាំប្រតិបត្តិស្តីពីលក្ខណៈវិនិច្ឆ័យ និងដំណើរការវាយតម្លៃ និងផ្តល់ឋានៈសាស្ត្រាចារ្យ, អង្គប្រជុំក៏បានសម្រេចឱ្យធ្វើការកែសម្រួល និងពិនិត្យឡើងវិញឱ្យបានលម្អិត​និង​ម៉ត់ចត់ ពិសេសលើគុណវុឌ្ឍិ លក្ខខណ្ឌនៃការជ្រើសរើស និងការវាយតម្លៃ ដើម្បីធានានូវគុណតម្លៃ និងគុណភាព ព្រោះជាកន្លែងវិជ្ជាជីវៈ ហើយស្នាដៃនៃការស្រាវជ្រាវត្រូវមានលក្ខណៈវិទ្យាសាស្រ្ត និងមានប្រយោជន៍ដល់សង្គមជាតិ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យមានការសិក្សាពីគំរូអនុវត្តក្នុងក្របខណ្ឌអាស៊ាន និង​ក្នុង​កម្រិតអន្តរជាតិ​ផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសអាទិភាពការងារមួយចំនួន ដើម្បីឱ្យ ក.ជ.ស. ​អាច​ដំណើរពេញលេញនូវការ​ផ្ដល់ឋានៈសាស្ត្រាចារ្យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ក្នុង​ការ​ទទួល​ស្គាល់​គុណវុឌ្ឍិ ​ស្នាដៃវិជ្ជាជីវៈ និង​​ការលើក​កម្ពស់​ការបង្រៀន និងការ​ស្រាវជ្រាវនៅ​កម្ពុជា​៕