ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី


(ភ្នំពេញ)៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាខួប១ឆ្នាំគត់ នៃសេចក្តីថ្លែងការណ៍រួម​ទីក្រុង​កូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ បានកើតឡើងបន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងប្រទេស​ទាំងពីរ​បាន​ផ្ទុះឡើងនៅខែកក្កដា ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍រួមនេះ គឺជាកិច្ចខិតខំប្រឹងប្រែង​ដ៏​ធំមួយ ក្រោមការសម្របសម្រួល និងលើកទឹកចិត្តពីឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាននាពេលនោះ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពយូរអង្វែង។

ខួបមួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់ជាថ្មីនូវការគោរពស្មារតីនៃសេចក្តីថ្លែង​ការណ៍រួមទីក្រុងកូឡាឡាំពួរ និង​ការ​ប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាម​សន្តិ​វិធី និងច្បាប់អន្តរជាតិ។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើ​ប្រាស់​កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគី​ដែល​មានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែន។

សម្តេចមហាបវរធិបតី ក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចិរភាព។ ការប្តេជ្ញាចិត្តនេះ ឆ្លុះ​បញ្ចាំងពីឆន្ទៈរបស់កម្ពុជាក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងរួមចំណែកដល់ស្ថិរភាពក្នុងតំបន់។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពខាងលើនេះបានកើតឡើង បន្ទាប់ពីមានការប៉ះទ​ង្គិច​ដោយអាវុធរវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបាន​បណ្តាលឱ្យមានការបាត់បង់ជីវិតទាំងយោធិន និងជនស៊ីវិលនៃប្រទេសទាំងពីរ។ កិច្ចព្រម​ព្រៀង​សន្តិភាពនេះ គឺជាការចាប់ផ្តើមដ៏សំខាន់មួយ ដើម្បីកាត់បន្ថយភាពតានតឹង និង​បង្កើត​លក្ខខណ្ឌអំណោយផលសម្រាប់ការបញ្ចប់ជម្លោះ ព្រមទាំងការស្តារទំនាក់ទំនងឡើង​វិញ​រវាង​ប្រទេសជិតខាងទាំងពីរ។

បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ការប៉ះទង្គិចបានផ្ទុះឡើងសារជាថ្មី ដោយអូសបន្លាយអស់រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះជាសង្គ្រាមឈ្លានពានសុទ្ធសាធរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ វាមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងបានបណ្តាលឱ្យមានជនស៊ីវិល និងវីរយោធិនកម្ពុជា កាន់តែច្រើនបានបាត់បង់ជីវិត ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើនកន្លែង។

មិនតែប៉ុណ្ណោះ ថៃនៅតែបន្តអំពើរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិ មក​លើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កម្ទេចផ្ទះប្រជាជន សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ល។ នៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ដោយខុសច្បាប់ បើទោះជាសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងកម្ពុជា និងថៃ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។

ថៃបាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជា​មិនអាចទទួលយកបានជាដាច់ខាត។ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាត គឺមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងនោះឡើយ៕