(ភ្នំពេញ)៖ ឯកឧត្តម ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) រដ្ឋមន្ត្រីការបរទេស បានអះអាងថា អាមេរិកបន្តធ្វើការជាមួយភាគីទាំងពីរ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់បែបនេះ ក្នុងសេចក្តីថ្លែងការណ៍របស់លោក ក្នុងថ្ងៃខួបមួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលានេះ។
ក្នុងសេចក្តីថ្លែងការណ៍នោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «មួយឆ្នាំមុនគត់នៅថ្ងៃនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បាននាំកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយ អាចសម្រេចទៅបានដោយសារ ភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តដើម្បីសន្តិភាពរបស់លោក»។
ឯកឧត្តមបានបន្ថែមថា «កិច្ចព្រមព្រៀងនេះបានបង្ហាញពីអនុភាពនៃការទូតអាមេរិកក្នុងការដោះស្រាយជម្លោះ និងបានចាក់គ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ។ សហរដ្ឋអាមេរិក បន្តធ្វើការជាមួយភាគីទាំងពីរ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យ ការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។
ក្នុងថ្ងៃខួបមួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគោរពស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែន។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពខាងលើនេះបានកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចដោយអាវុធរវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិតទាំងយោធិន និងជនស៊ីវិលនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាការចាប់ផ្តើមដ៏សំខាន់មួយ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបញ្ចប់ជម្លោះ ព្រមទាំងការស្តារទំនាក់ទំនងឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។
បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ការប៉ះទង្គិចបានផ្ទុះឡើងសារជាថ្មី ដោយអូសបន្លាយអស់រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះជាសង្គ្រាមឈ្លានពានសុទ្ធសាធរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ វាមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងបានបណ្តាលឱ្យមានជនស៊ីវិល និងវីរយោធិនកម្ពុជា កាន់តែច្រើនបានបាត់បង់ជីវិត ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើនកន្លែង។
មិនតែប៉ុណ្ណោះ ថៃនៅតែបន្តអំពើរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កម្ទេចផ្ទះប្រជាជន សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ល។ នៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ដោយខុសច្បាប់ បើទោះជាសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងកម្ពុជា និងថៃ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។
ថៃបាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាត គឺមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងនោះឡើយ៕






