(ភ្នំពេញ)៖ កម្ពុជា បានត្រៀមស្បៃដ៏ប្រណីតរបស់ខ្មែរជាវត្ថុអនុស្សាវរីយ៍ជូនដល់មេដឹកនាំកំពូលមកពីបណ្តាប្រទេសនានា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រៀបចំនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហោះរូបជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសារថា ឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ, របៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០_the 20th Francophonie Summit»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានរំលេចថា ពិតណាស់ស្បៃ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថាស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។
លោកជំទាវបណ្ឌិត បានបន្ថែមថា ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង) លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីមេដឹកនាំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង រួមទាំងលោក អេម៉នូអែល ម៉ាក្រុង ប្រទេសធិបតីបារាំង។
ក្រៅពីកិច្ចប្រជុំកំពូលហើយនោះ ក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរគឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និងហ្វ្រង់កូតិច (FrancoTech)។ ការរៀបចំព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក៕

































