ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង ដើម្បីពិនិត្យ និងពិភាក្សា ព្រមទាំងផ្តល់ទិសដៅដោះស្រាយលើករណីបណ្តឹង និងសំណូមពរចំនួន៣ ករណី ដែលក្រសួងអធិការកិច្ចបានទទួលពីប្រជាពលរដ្ឋនៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
កិច្ចប្រជុំនាពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការពិនិត្យស៊ីជម្រៅទៅលើទិដ្ឋភាពជាក់ស្តែងនៃសំណុំរឿងនីមួយៗ ដើម្បីវិភាគឱ្យហ្មត់ចត់ និងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងនីតិវិធីនៃការដោះស្រាយពាក្យបណ្តឹងទាំងនេះ សំដៅធានាថា រាល់ក្តីកង្វល់ និងបណ្ដឹងរបស់ប្រជាពលរដ្ឋត្រូវបានពិនិត្យ និងវាយតម្លៃដោយឈរលើមូលដ្ឋានច្បាប់ តម្លាភាព និងភាពយុត្តិធម៌។












