ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជួបពិភាក្សាការងារជាមួយលោក សេនេន ធី. ម៉ាងកាលីឡេ (Senen T. Mangalile) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីន និងរដ្ឋបាលខេត្តបាត់ដំបង។
ជំនួបដែលធ្វើឡើងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានជម្រាបជូនប្រតិភូហ្វីលីពីនអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសក្រុងបាត់ដំបងត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។
ឯកឧត្តមបានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃនៅមានកម្រិត ដែលទាមទារឱ្យមានការវិនិយោគបន្ថែម។ ក្នុងន័យនេះ ឯកឧត្តមបានស្នើភាគីហ្វីលីពីនជួយជំរុញ និងបង្កលក្ខណៈឱ្យ វិនិយោគិន ព្រមទាំងទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ។
ឯកឧត្តម សង្កត់ធ្ងន់ថា អង្កររបស់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ជាអង្ករល្អដាច់គេលើពិភពលោកជាបន្តបន្ទាប់ គឺជាអង្ករដែលផលិតនៅក្នុងខេត្តបាត់ដំបង។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកំណើន នៃការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា ជាពិសេសកំណើននៃការនាំចូលអង្ករក្នុងចំនួនច្រើនពីកម្ពុជាទៅកាន់ហ្វីលីពីនក្នុងពេលថ្មីៗកន្លងមកនេះ។
ឯកឧត្តមលើកឡើងបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនហ្វីលីពីនមួយចំនួនបាននិងកំពុងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋមន្ត្រីរបស់ប្រទេសហ្វីលីពីនក៏បានជំរុញដល់អ្នកវិនិយោគឱ្យបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។
ឯកឧត្តម លើកឡើងពីគម្រោងរៀបចំវេទិកាធុរកិច្ចដ៏ធំមួយរវាងហ្វីលីពីន និងកម្ពុជាដែលនឹងធ្វើឡើងនៅឆ្នាំ២០២៧ខាងមុខ ស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន។ លោក មើលឃើញថា ប្រជាពលរដ្ឋហ្វីលីពីនបាននិងកំពុងបំពេញការងារលើវិស័យផ្សេងៗនៅក្នុងខេត្តបាត់ដំបងប្រកបដោយសុខសុវត្ថិភាព និងថ្លែងអំណរគុណដល់អាជ្ញាធរដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន។
ឯកឧត្តម សុខ លូ ជំរុញឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង ឬខេត្តណាមួយនៃប្រទេសហ្វីលីពីន ជាមួយខេត្តបាត់ដំបង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ លោក បានបញ្ជាក់ប្រាប់ប្រតិភូហ្វីលីពីនថា រដ្ឋបាលខេត្តបាត់ដំបងរង់ចាំទទួលស្វាគមន៍អ្នកវិនិយោគ ពាណិជ្ជករ និងភ្ញៀវទេសចរហ្វីលីពីនមកវិនិយោគ ទស្សនាកម្សាន្ត ព្រមទាំងត្រៀមបង្កលក្ខណៈងាយស្រួលជូនគ្រប់បែបយ៉ាង៕






















