នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦១សាលា ដែលជាសាលារៀនគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (ហៅកាត់ថា គ.វ.អ.)។
យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ជំនួបនេះធ្វើឡើង ដើម្បីចុះស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីសិក្សាថែមម៉ោង ព្រមទាំងធ្វើការវាយតម្លៃលើការអនុវត្តរបស់សាលាគោលដៅ ដែលបានអនុវត្តកន្លងមក។ ជាពិសេសស្វែងរកវិធីសាស្ត្របន្ថែមក្នុងការជំរុញការអប់រំនៅកម្រិតមូលដ្ឋាន ដើម្បីឈានទៅអាចអនុវត្តស្តង់ដានៃការបណ្តុះបណ្តាល និងគុណភាពការអប់រំកាន់តែល្អប្រសើរ ដោយឈរលើការផ្តល់ការអប់រំដល់សិស្សប្រកបដោយគុណភាព ឥរិយាបថល្អ សីលធម៌ និងការទទួលខុសត្រូវ ឱ្យបានគ្រប់សាលារៀននៅទូទាំងប្រទេស។
វិធានការគន្លឹះក្នុងវិស័យអប់រំ គឺជាកម្មវិធីកែទម្រង់មុតស្រួចលើវិស័យអប់រំ ដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញការអប់រំមានការផ្លាស់ប្តូរដោយវិជ្ជមានយ៉ាងពិតប្រាកដ និងការទទួលខុសត្រូវធំធេងចំពោះអនាគតមូលធនមនុស្សនៅកម្ពុជា។
វិធានការគន្លឹះទាំង៤រួមមាន ៖ (១). អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), (២). ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, (៣). ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស, (៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
ចាប់តាំងពីឆ្នាំ២០២៤ មក មានសាលាគោលដៅដែលស្ម័គ្រចិត្តចូលរួមអនុវត្តវិធានការគន្លឹះ សរុបចំនួន១៦១សាលា នៅទូទាំងប្រទេស និងមានគ្រូបង្គោលចំនួន ៦១នាក់ ដែលជ្រើសរើសចេញពីអតីតនាយកសាលា គ្រូបង្រៀន និងមន្ត្រីអប់រំដែលមានស្នាដៃឆ្នើម ដើម្បីចែករំលែកបទពិសោធន ឧត្តមានុវត្តន៍ និងជោគជ័យល្អៗ ដល់សាលាគោលដៅ។
សាលារៀនទាំង ១៦១សាលា នៅតាមរាជធានីខេត្តរួមមាន៖ រាជធានីភ្នំពេញ (៤សាលា), ខេត្តកណ្តាល (១២សាលា), ព្រៃវែង (៩សាលា), ស្វាយរៀង (៨សាលា), កំពង់ស្ពឺ (៨សាលា), តាកែវ (១៤សាលា), កំពត (៣សាលា), កែប (២សាលា), ព្រះសីហនុ (៦សាលា), កំពង់ឆ្នាំង (១៦សាលា), ពោធិ៍សាត់ (៤សាលា), បាត់ដំបង (៨សាលា), ប៉ៃលិន (៤សាលា), កោះកុង (៤សាលា), កំពង់ធំ (៧សាលា), ខេត្តសៀមរាប (១៤សលា), បន្ទាយមានជ័យ (៥សាលា), ឧត្តរមានជ័យ (៤សាលា), ព្រះវិហារ (២សាលា), កំពង់ចាម (១៤សាលា), ត្បូងឃ្មុំ (៤សាលា, ក្រចេះ (២សាលា), ស្ទឹងត្រែង (៣សាលា), មណ្ឌលគិរី (២សាលា) និងរតនគិរី (២សាលា)៕































