នាព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. អង្គភាពគយ និងសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការនៅច្រកទ្វាព្រំដែនអន្តរជាតិបាវិតត្រូវពន្លឿនឯកសារចេញចូលទំនិញឆ្លងកាត់អោយបានលឿនដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនរបស់រោងចក្រសហគ្រាសដែលឆ្លងកាត់។
២. សមត្ថកិច្ចពាក់ត្រូវបន្តតាមដាននិងបង្ក្រាបបទល្មើសស្គេមអនឡាញជាប្រចាំជាការធ្វើរដ្ឋបាលចំហនៅតាមទីតាំងនានាដែលមានការសង្ស័យ និងបង្ក្រាបបទល្មើសជាក់ស្តែងដោយគ្មានការលើកលែងឡើយ។
៣.អាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់សង្គមផ្សេងៗ ដូចជាអប់រំកូនចៅឱ្យមានការប្រុងប្រយ័ត្នលើបញ្ហាលង់ទឹក ការបើកបរគោរពច្បាប់ និងបញ្ហាគ្រឿងញៀនជាដើម។
៤.អង្គភាពផ្តល់សេវានានា ត្រូវពង្រឹងលើការពន្លឿនសេវាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលាដូចជា សេវាដីធ្លី និងសេវាផ្សេងៗទៀត។
៥. បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អ ក្នុងនោះកងកម្លាំងត្រូវដាក់ផែនការចេញល្បាតជាប្រចាំផងដែរ។
៦.ពង្រឹងការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៧.រដ្ឋបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនិងបណ្តឹងព្រមទាំងសំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
៨.អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវពិនិត្យតាមដានជាប្រចាំនូវការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សាឆ្នាំនេះ ពិសេសត្រៀមលក្ខណៈ ក្នុងការបង្ការទៅលើផលប៉ះពាល់ដែលបង្ករឡើងដោយករណីមានគ្រោះរាំងស្ងួតជាដើម ។
៩.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបន្តការសហការជាមួយអង្គភាពរដ្ឋាករទឹកដើម្បីសម្រួលដល់ការងារពង្រីកប្រព័ន្ធទឹកស្អាតនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតិឱ្យលោក លោកស្រីដែលមានវត្តមានក្នុងប្រជុំនេះ បានលើកឡើងនិងរាយការណ៍ពីបញ្ហានានាដែលកើតមានក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដើម្បីជាធាតុចូលសម្រាប់ធ្វើដោះស្រាយអំពីបញ្ហាទាំងនោះផងដែរ៕























