(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។
សារលិខិតថ្វាយព្រះពរមានខ្លឹមសារថា៖ «ក្នុងនាមខ្ញុំម្ចាស់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជា នៅទូទាំងប្រទេស មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមលំឱនកាយក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ សម្រាប់ជាតិ មាតុភូមិ និងប្រជារាស្រ្តជាកូន ចៅ ជ្រកកោន តរៀងទៅ»។
ក្នុងវរោកាសដ៏មហាវិសេសវិសាលនេះ «ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវព្រះរាជកតញ្ញូ កតវេទិតាធម៌ និងព្រះរាជគុណូបក្ការៈដ៏មហាធំធេង ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទ្រង់តែងតែសព្វព្រះរាជហឫទ័យបំពេញព្រះរាជកិច្ចប្រកបដោយព្រះរាជគតិបណ្ឌិតវាងវៃបំផុត ព្រះព្រហ្មវិហារធម៌ ព្រះមហាករុណាទិគុណ និងមានព្រះរាជទសពិធរាជធម៌ដ៏ថ្លៃថ្លា ក្នុងវិស័យការទូត ការអប់រំសិក្សាធិការ សុខុមាលភាពសង្គម និងព្រះពុទ្ធសាសនា ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះទៅទៀត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាព្រះរាជនិមិត្តរូបនៃព្រះរាជវីរគំរូមនុស្សធម៌ សម្រាប់ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ជាកូន ចៅ របស់ព្រះអង្គជារៀងដរាប»។
ក្នុងព្រះរាជពិធីដ៏សិរីមង្គលមហាប្រសើរថ្លៃថ្លានេះ «ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃសារលិខិតក្រាបបង្គំទូលថ្វាយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖


