(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់។ ការចុះពិនិត្យផ្ទាល់នេះ ត្រូវបានសម្ដេចបញ្ជាក់ថា ដើម្បីឲ្យដំណើរការនៃការអនុវត្តគោលនយោបាយ ត្រូវបានប្រព្រឹត្តិទៅដោយគុណភាព និងអាចស្វែងរកចំណុចខ្វះខាត ដែលអាចបំពេញបន្ថែមបាននៅពេលខាងមុខ។ នេះបើតាមប្រសាសន៍របស់សម្ដេច នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសួរនេះ សួររឿងចីរភាព តើធ្វើឬអត់? ព្រោះពេលដែលយើងចាប់ផ្ដើមដំបូង៦ខែ ១ឆ្នាំដំបូងវាមិនអីទេ។ ខ្ញុំបានចុះ២ ៣សាលាក្រោយមកផ្ទុះសង្រ្គាមទៅក៏មិនបានចុះ ប៉ុន្តែរបាយការណ៍បានជាប់ជាប្រចាំ តែខ្ញុំ ទម្លាប់ខ្ញុំអត់មើលតែរបាយការណ៍ទេ ហៅមកជួបផ្ទាល់តែម្ដង។ បើមិនបានចុះទៅក៏អញ្ជើញគាត់មកដែរ ដើម្បីនិយាយគ្នាត្រង់ទៅត្រង់មក»។
ពិតណាស់ក្រោយការដាក់ចេញគោលនយោបាយចេញទៅ ការអនុវត្តមិនរំពឹងថាអាចធ្វើបានល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់បាននោះគឺ ចេរភាពនៃការងារ និងការចូលរួម។ ក្នុងន័យនេះសម្ដេចបានបន្តឲ្យដឹងថា ប្រសិនជាមិនមានការចូលរួមពីនាយកសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង អាណាព្យាបាល និងសិស្សផ្ទាល់ទេនោះ គោលនយោបាយនៃការអភិវឌ្ឍវិស័យអប់រំមួយ មិនអាចមានចីរភាពបានឡើយ។
សូមជម្រាបថា គោលដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រែក្លាយសាលារៀននៅទូទាំងប្រទេសជាសាលាគំរូ ខណៈបច្ចុប្បន្នសាលា១៦១សាលាហើយ កំពុងអនុវត្តវិធានការគន្លឹះលើការអប់រំនេះ។ វិធានការគន្លឹះនោះរួមមាន៖ ១. អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន)។ ២. ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌។ ៣. ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស។ ៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ៕































































