(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីគោលដៅ ប្រែក្លាយសាលារៀននៅទូទាំងប្រទេសកម្ពុជា ឱ្យទៅជាសាលាគំរូ បង្រៀនសិស្សប្រកបដោយគុណភាព ខណៈបច្ចុប្បន្ននេះ សាលារៀនចំនួន ១៦១ កន្លែង បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះសំខាន់ៗ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា គោលគំនិតធំរបស់សម្តេចគឺមិនមែនបង្កើតស្តង់ដារថ្មីសម្រាប់សាលារដ្ឋនោះទេ ប៉ុន្តែត្រូវស្វែងរកវិធីសាស្ត្រល្អបំផុតដើម្បីឱ្យសាលាទាំងអស់មានគុណភាព។ សាលារៀនទាំងអស់ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវតែមានគុណភាពខ្ពស់។ ហើយគោលដៅនេះមិនមែនត្រឹមតែពង្រីកសាលាគំរូមួយចំនួនតូចនោះទេ ប៉ុន្តែគឺការយកបទពិសោធន៍ និងរូបមន្តជោគជ័យពីសាលាគំរូដែលមានស្រាប់ ទៅអនុវត្តដើម្បីជំរុញឱ្យសាលារៀនរាប់ពាន់ ឬរាប់ម៉ឺនកន្លែងក្លាយជាសាលាដែលមានសមត្ថភាព និងជាគំរូពិតប្រាកដ។
សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គោលដៅខ្ញុំគឺអត់មានត្រូវពង្រីកសាលានឹងទៀត អត់មានត្រូវពង្រីកសាលា គ.វ.អ . សាលាគំរូ៥រយ ឬ១ពាន់ អត់ទេ។ ថ្ងៃក្រោយយករូបមន្តដែលយើងបានដកពិសោធន៍នៅសាលាទាំងអស់នេះ។ ទិសដៅគឺ ៧ពាន់ឬ៨ពាន់ ឬ១ម៉ឺនសាលាដែលត្រូវជាសាលាគំរូ ទាំងអស់នេះបានត្រូវជាគោលដៅ។ ត្រូវយល់ពីគោលគំនិតធំរបស់ខ្ញុំ គោលគំនិតធំរបស់ខ្ញុំមិនត្រូវបង្កើតស្តង់ដារពីក្នុងសាលារដ្ឋទេ ប៉ុន្តែត្រូវរកវិធីសាស្ត្រដែលល្អដើម្បីឲ្យសាលាទាំងអស់ទៅជាសាលាដែលមានសមត្ថភាព ហើយជាសាលាដែលជាគំរូ ហើយគ្រប់សាលាទាំងអស់នេះគឺជាអ្វីដែលជាគោលដៅ។ នេះគឺជាការពិត ប៉ុន្តែយើងធ្វើម៉េចបាន? ទាល់តែយកសាលាខ្លះមកអនុវត្តដើម្បីយករូបមន្ត មតិយោបល់ រៀបចំទៅ»។
សម្តេចធិបតីមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ទាមទារឱ្យមានការវាយតម្លៃជាប្រចាំ និងការកែទម្រង់ជាបន្តបន្ទាប់ ដែលជារឿងចាំបាច់ ជាពិសេសនៅក្នុងបរិបទដែលពិភពលោកកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។ សូម្បីតែប្រទេសមហាអំណាច និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏កំពុងវាយតម្លៃ និងកែសម្រួលប្រព័ន្ធអប់រំរបស់ខ្លួនផងដែរ។
បច្ចុប្បន្នសាលា១៦១សាលា បាននិងកំពុងអនុវត្តវិធានការគន្លឹះលើការអប់រំនេះ។ វិធានការគន្លឹះនោះរួមមាន ៖ (១). អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), (២). ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, (៣). ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស, (៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ៕































































