(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានរំលឹករឿងអតីតកាលគ្រាដែលសម្ដេចនៅមានអាយុ១២ឆ្នាំ ធ្លាប់លួចស្ដាប់ឮសម្ដេចតេជោ ហ៊ុន សែន ផ្ដាំបងឲ្យជួយមើលថែកូនៗរបស់សម្ដេច ក្នុងករណីដែលសម្ដេចមានគ្រោះថ្នាក់ដល់អាយុជីវិត នៅពេលចេញទៅចរចាបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ជាមួយភាគីដទៃ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដំណាលខ្លីថា កាលនោះបន្ទាប់ពីស្ដាប់លឺឪពុកផ្ដាំផ្ញើគេឲ្យជួយមើលថែកូន សម្ដេចមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ការរស់នៅ ព្រោះនៅមានប្អូនចំនួន៤នាក់ទៀត តើត្រូវរស់នៅដោយរបៀបណា? ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ពន្យល់ថា ការជួបទុកលំបាកនៅក្នុងស្ថានភាពគ្រួសារនីមួយៗ គឺមិនដូចគ្នានោះឡើយ ពោលបញ្ហាកើតមានឡើងផ្សេងៗគ្នា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កាលនោះអាយុ១២ឆ្នាំ ឪចេញទៅចរចាហើយពេលចេញទៅចរចាម្ដងៗ អត់ដឹងថាគាត់មកវិញឬអត់ទេ ហើយម្ដងនោះឮគាត់ប្រាប់អ៊ំខ្ញុំ គាត់ថាបើខ្ញុំហើយម៉ែម៉ាណែតមានការងារអី បងឯងជួយមើលកូនខ្ញុំផង។ ដេកភ័យប្អូន៤នាក់ យើងអាយុ១២ឆ្នាំ ចុមបើឪម៉ែមានអីតើយើងចិញ្ចឹមប្អូនដោយរបៀបមិចទៅ?»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការរំលឹកអំពីអតីតកាលរបស់សម្ដេច គឺចង់ណែនាំឲ្យសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ ត្រូវចេះម្ចាស់ការទទួលខុសត្រូវដោយខ្លួនឯង ពិសេសលើការងារសម្រេចចិត្តក្នុងការធ្វើអ្វីមួយ ឬបន្ដការសិក្សាលើជំនាញដែលខ្លួនស្រលាញ់។ សម្ដេចបានបន្ដថា ឪពុកម្ដាយ មិនអាចនៅចិញ្ចឹមកូនមួយជីវិតបាននោះទេ ហើយកូនខ្លួនឯងក៏គង់តែនឹងមានគ្រួសាររស់នៅបែកឪពុកម្ដាយដូចគ្នា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា ក្នុងស្ថានភាពគ្រួសារនីមួយៗ គឺតែងមានបញ្ហាដែលត្រូវជួបប្រទះ ហើយបញ្ហាទាំងអស់នោះមិនដូចគ្នានោះទេ ប៉ុន្ដែត្រូវចេះដោះស្រាយ និងម្ចាស់ការទទួលខុសត្រូវ៕































































