រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ


(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (គ.គ.ផ.ស.) បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការការពារកុមារ អនីតិជន និងយុវជនពីឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មមិនសមស្រប ដោយចាត់ទុកយុវជនជាមូលធនមនុស្សដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ទីផ្សារមិនត្រូវធ្វើឱ្យកុមារ និងអនីតិជនក្លាយជាគោលដៅនៃការផ្សាយពាណិជ្ជកម្មផលិតផលដែលអាចប៉ះពាល់ដល់សុខភាព ឬការអភិវឌ្ឍរបស់ពួកគេឡើយ ជាពិសេសការផ្សាយដែលទាក់ទាញអនីតិជនឱ្យចាប់អារម្មណ៍លើការទទួលទានគ្រឿងស្រវឹង។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសអញ្ជើញបើក «យុទ្ធនាការឆន្ទៈល្អ លើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នាសណ្ឋាគារ សុខាភ្នំពេញ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «យុវជនគឺជាមូលធនមនុស្សដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។ យើងមិនត្រូវអនុញ្ញាតឱ្យទីផ្សារធ្វើឱ្យកុមារ និងអនីតិជនក្លាយជាគោលដៅនៃការផ្សាយពាណិជ្ជកម្មផលិតផលដែលអាចប៉ះពាល់ដល់សុខភាព ឬការអភិវឌ្ឍរបស់ពួកគេឡើយ។ ការផ្សាយមិនត្រូវប្រើរូបភាព ភាសា តារា សកម្មភាព ការប្រកួតប្រជែង ឬបច្ចេកទេសឌីជីថលដែលមានបំណងទាក់ទាញអនីតិជនឱ្យចាប់អារម្មណ៍លើការទទួលទានគ្រឿងស្រវឹង»។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា នៅក្នុងសម័យទីផ្សារឌីជីថល (Digital Marketing) យើងត្រូវយល់ថា ការផ្សាយមិនមានតែទូរទស្សន៍ និងប៉ាណូទៀតទេ។ មាតិកាអ្វីត្រូវបង្ហាញដល់អ្នកប្រើប្រាស់ណា ឬ Algorithm អាចនាំសារទៅដល់អ្នកប្រើប្រាស់តាមអាយុ ចំណាប់អារម្មណ៍ ទីតាំង និងទម្លាប់ប្រើប្រាស់។

«ដូច្នេះ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនក៏ត្រូវពង្រីកទៅដល់ការជ្រើសរើសអ្នកទស្សនា ការជ្រើសរើស Influencer និងការជ្រើសរើសទម្រង់មាតិកា។ ខ្ញុំសូមបញ្ជាក់ថា៖ កុមារ និងអនីតិជន មិនមែនជាទីផ្សារដែលត្រូវយកមកប្រកួតប្រជែងទេ។ ពួកគេជាអនាគតដែលយើងត្រូវការពារ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងការគោរពវប្បធម៌ជាតិ។ ដូច្នេះ ការផ្សាយពាណិជ្ជកម្មអាចមានភាពទំនើប ស្រស់ស្អាត ច្នៃប្រឌិត និងទាក់ទាញ ដោយមិនចាំបាច់បន្ទាបសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ យើងមិនគួរអនុញ្ញាតឱ្យការប្រកួតប្រជែងដើម្បីទាក់ទាញការចាប់អារម្មណ៍ ក្លាយជាការប្រើប្រាស់រាងកាយស្ត្រីជាឧបករណ៍ពាណិជ្ជកម្ម ឬបង្កើតខ្លឹមសារដែលមិនសមស្របនឹងវប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់សង្គម។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថាការច្នៃប្រឌិត Creativity ដែលមានតម្លៃ គឺការច្នៃប្រឌិតដែលអាចទាក់ទាញដោយមិនបំពានលើតម្លៃមនុស្ស។ សិល្បករ សិល្បការិនី អ្នកផលិតមាតិកា និងអ្នកផ្សាយពាណិជ្ជកម្ម គួរត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ទេពកោសល្យរបស់ខ្លួន ដើម្បីបង្កើតស្នាដៃដែលមានទាំងតម្លៃពាណិជ្ជកម្ម និងតម្លៃសង្គម»។

ទន្ទឹមនឹងនេះដែរ លោកចង់សង្កត់ថា ការទទួលបានការអនុញ្ញាតមុនផ្សាយ គឺជាចំណុចចាប់ផ្តើម មិនមែនជាចំណុចបញ្ចប់នៃការទទួលខុសត្រូវនោះទេ។ ក្រុមហ៊ុន និងទីភ្នាក់ងារផ្សព្វផ្សាយ ត្រូវមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីធានាថា ខ្លឹមសារដែលបានអនុញ្ញាតមិនត្រូវបានកែប្រែបន្ថែមនៅពេលផ្សាយជាក់ស្តែង ឬប្តូរទៅជាទម្រង់ផ្សេងនៅលើបណ្តាញសង្គម។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការប្រកួតប្រជែងត្រូវធ្វើឡើងដោយស្មោះត្រង់ ស្មើភាព និងគោរពគ្នា។ កុំឱ្យក្រុមហ៊ុនដែលគោរពច្បាប់ ក្លាយជាអ្នកចាញ់ក្នុងទីផ្សារ ដោយសារមានក្រុមហ៊ុនផ្សេងទៀតប្រើវិធីបំពានដើម្បីទាក់ទាញអតិថិជន៕