សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង សុខភាព ចំណេះដឹង-បំណិន និងការងារ និងហាមផ្ដាច់ការប៉ះពាល់គ្រឿងញៀន!


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឱ្យយកចិត្តទុកដាក់លើកត្តាសំខាន់ៗចំនួន៣យ៉ាងរួមមាន ចំណេះដឹង, បំណិន, ការងារ និងសុខភាព ចំពោះសុខភាពត្រូវចេះធ្វើលំហាត់ប្រាណ ញាំរបបអាហារល្អៗ ដើម្បីជួយឲ្យសុខភាពល្អរឹងមាំ, ក្នុងនោះត្រូវតែចៀសវាងដាច់ខាតពីការប្រើប្រាស់គ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគត។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាស សម្ដេចបានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា ក្មួយៗត្រូវយកចិត្តទុកដាក់លើ៣ ចំណុចសំខាន់រួមមាន សុខភាព ចំណេះដឹង-បំណិន និងការងារ។ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងផ្ដល់ឱកាសលើរឿងទាំង៣ ផ្ដល់ឱកាសឱ្យយុវជនទទួលបានការអប់រំ ការអភិវឌ្ឍបំណិន និងឱកាសការងារ ដូច្នេះសូមបន្តពង្រឹងសមត្ថភាព និងខិតខំប្រឹងប្រែង ដើម្បីកសាងអនាគតរបស់ខ្លួន។

សម្ដេចមហាបវរធិបតីបានក្រើនរំលឹកពីការថែរក្សាសុខភាព ដល់សិស្សានុសិស្ស។ សម្ដេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា​ សុខភាពសំខាន់ណាស់ ភាគច្រើនប្អូនៗច្រើនតែប្រហែស ពេលនៅជាមួយឪពុកម្ដាយ ដើរលេងខកម៉ោងចូលដល់ផ្ទះអាចត្រូវថ្មោងឪពុកម្ដាយ ប៉ុន្ដែពេលនេះចេញមកសេរីភាពថ្មី, ក្រុងថ្មី, មិត្តភក្រ្ដិថ្មី, ភ្លើងពណ៌ថ្មី, ធ្វើការទទួលបានលុយថ្មី ច្បាស់ណាស់នឹងចង់សាកអ្វីថ្មី ដូច្នេះសូមប្រយ័ត្នសុខភាព សុខភាពល្អជាទ្រព្យសម្បត្តិក្នុងខ្លួន មិនមានអ្វីមកប្រៀបប្រដូចបាននោះទេ ឪពុកម្ដាយ មិត្តភក្រ្ដិអាចជួយយើងពីក្រៅ តែសុខភាពក្នុងខ្លួនជាទ្រព្យសម្បត្តិមិនអាចខ្វះបានឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា «ចំពោះបញ្ហាសុខភាពនេះ​ គឺមានក្ដីបារម្ភចំពោះយុវវ័យ​ ព្រោះឥឡូវនេះមិនតិចទេអាយុត្រឹម១៨-២០ឆ្នាំ កើតជំងឺទឹកនោមផ្អែម ជាក់ស្ដែងថ្មីៗនេះ ខ្ញុំបានឃើញការបង្ហោះរបស់ប្អូនស្រីម្នាក់ ដែលកំពុងលាងឈាម តាមប៉ាស្មានអាយុប្រមាណ២០ឆ្នាំប៉ុណ្ណោះ ដោយមូលហេតុគឺប្អូនទទួលទានមីញឹកញាប់ពេក ដូច្នេះការទទួលទានត្រូវប្រុងប្រយ័ត្ន ម្ហូបហូបចុកគ្រឿងកំប៉ុង គ្រឿងកែច្នៃត្រូវប្រុងប្រយ័ត្ន»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ដផ្ដាំផ្ញើរបន្ថែម ដល់សិស្សានុសិស្សទាំងអស់ ឲ្យចៀសវៀងការប្រើប្រាស់គ្រឿងញៀន កុំប្រើប្រាស់គ្រឿងញៀន, លេងកីឡា កីឡាសំខាន់ណាស់ដែលអាចជួយឲ្យយើងមានអាយុវែង  និងត្រូវបន្ដរៀនចំណេះដឹង បំនិន​ សូមកុំបញ្ឈប់ការរៀនសូត្រ៕