(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តទទួលយកសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ដើម្បីចាត់បញ្ជូនទៅកាន់គណៈកម្មការជំនាញនានារបស់រដ្ឋសភា ធ្វើការពិនិត្យ សិក្សាស្រាវជ្រាវ និងរៀបចំជារបាយការណ៍ដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈការងារសំខាន់ៗមួយចំនួន។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចអនុម័តទទួលយកសេចក្តីព្រាងច្បាប់ទាំង ៤ ព្រមទាំងបែងចែកភារកិច្ចជូនគណៈកម្មការជំនាញរដ្ឋសភា ដូចខាងក្រោម៖
* សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧៖ ត្រូវបានប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា (គណៈកម្មការទី២) ធ្វើការពិនិត្យ សិក្សា និងរៀបចំរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភា។
* សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៖ ត្រូវបានប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា (គណៈកម្មការទី២) ធ្វើការពិនិត្យ សិក្សា និងរៀបចំរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភាផងដែរ។
* សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន៖ ត្រូវបានប្រគល់ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា (គណៈកម្មការទី៥) សហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ធ្វើការពិនិត្យ សិក្សា និងធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភា។
* សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក៖ ត្រូវបានប្រគល់ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា (គណៈកម្មការទី៩) ដើម្បីធ្វើការពិនិត្យ សិក្សា និងរៀបចំរបាយការណ៍ជូនសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។
ការចាត់បញ្ជូនសេចក្តីព្រាងច្បាប់ទាំងនេះ ឆ្លុះបញ្ចាំងពីការបន្តបំពេញតួនាទីយ៉ាងសកម្មរបស់ស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការគាំទ្រដល់កិច្ចដំណើរការគ្រប់គ្រងរដ្ឋ បទដ្ឋានគតិយុត្តផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានវានុវត្តន៍នៅកម្ពុជា៕











