(សៀមរាប)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រ.អ.ស.) សូមស្វាគមន៍ចំពោះសេវាហោះហើរតាមរដូវថ្មី ពីសាធារណរដ្ឋកូរ៉េ និងការបន្ថែមជើងហោះហើរ ពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ (SAI)។ សេវាទាំងនេះ រួមចំណែកគាំទ្រដល់កំណើនវិស័យទេសចរណ៍ និងការតភ្ជាប់អន្តរជាតិរបស់កម្ពុជា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ Trinity Airways (TW)៖ សេអ៊ូល-អ៊ីនឈន់ (ICN) – សៀមរាប (SAI) សេវាហោះហើរតាមរដូវថ្មី។
ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways នឹងធ្វើការហោះហើរតាមរដូវជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៧ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ការហោះហើរនេះ ស្របពេលនឹងរដូវកាលទេសចរណ៍កំពូលរបស់កម្ពុជា។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines (MU) គុនមីង (KMG) – សៀមរាប (SAI) ការបន្ថែមជើងហោះហើរ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ឫ។
ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបង្កើនជើងហោះហើរ គុនមីង-សៀមរាប ពី ៣ ជើង ទៅ ៤ ជើងក្នុងមួយសប្តាហ៍ (ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។
ជើងហោះហើរបន្ថែមនេះ នឹងជួយលើកកម្ពស់លទ្ធភាពនៃការធ្វើដំណើរពីភាគនិរតីនៃប្រទេសចិន។
បើតាមឯកឧត្តម ស៊ីន ចាន់សិរីវត្ថា, អត្ថប្រយោជន៍សំខាន់ៗ រួមមាន៖
* ពង្រឹងការតភ្ជាប់ជាមួយទីផ្សារទេសចរណ៍សំខាន់ៗចំនួនពីរ នៅតំបន់អាស៊ីឦសាន
* បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ និងឱកាសសេដ្ឋកិច្ចសម្រាប់ខេត្តសៀមរាប
* ពង្រឹងបន្ថែមនូវជំហររបស់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌឈានមុខគេ
* ជំរុញការអនុវត្តយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការធ្វើពិពិធកម្ម និងពង្រីកការតភ្ជាប់ផ្លូវអាកាសអន្តរជាតិ
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅតែប្តេជ្ញាបន្តសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ លើកកម្ពស់ការចូលទីផ្សារ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍ ដើម្បីជំរុញការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕







