រដ្ឋមន្ដ្រីក្រសួងចំនួន៣ អញ្ជើញបើកការដ្ឋានសាងសង់ «ភូមិហ្វ្រង់កូហ្វូនី» ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ


(ភ្នំពេញ)៖ គណៈកម្មការជាតិ និងក្រុមការងារទទួលបន្ទុក រៀបចំភូមិហ្វ្រង់កូហ្វូនី នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំប្រារព្ធពិធីក្រុងពាលី ដើម្បីសុំការអនុញ្ញាត បើកការដ្ឋានសាងសង់ «ភូមិហ្វ្រង់កូហ្វូនី» ដែលស្ថិតនៅបរិវេណសួនច្បារវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ។

ពិធីនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ទីតាំងនេះ នឹងក្លាយជាបេះដូងនៃព្រឹត្តិការណ៍ និងជាទីកន្លែងដ៏សំខាន់ សម្រាប់ការតាំងពិព័រណ៍ និងការផ្លាស់ប្តូរ វប្បធម៌ចម្រុះជាតិសាសន៍ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការសាងសង់ «ភូមិហ្វ្រង់កូហ្វូនី» នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាបេះដូងនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ ទីតាំងនេះ នឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការតាំងពិព័រណ៍ ការផ្លាស់ប្តូរវប្បធម៌ចម្រុះ ជាតិសាសន៍ និងការបង្ហាញពីមោទនភាពជាតិកម្ពុជា ទៅកាន់ឆាកអន្តរជាតិ។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេសនិយាយ ភាសាបារាំង) លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីមេដឹកនាំកំពូលនៃបណ្តាប្រទេស និយាយ ភាសា បារាំង រួមទាំងលោក អេម៉នូអែល ម៉ាក្រុង ប្រទេសធិបតីបារាំង។

ក្រៅពីកិច្ចប្រជុំកំពូលហើយនោះ ក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរគឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និងហ្វ្រង់កូតិច (FrancoTech)។ ការរៀបចំព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការបង្ហាញ ពីសក្តា នុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក៕