(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃវេទិកាដើម្បីសេរីភាពប្រជាជាតិ តាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយគណបក្សរុស្ស៊ីរួបរួម (United Russia) ក្រោមអធិបតីភារបស់ ឯកឧត្តម Dmitry Medvedev ប្រធានគណបក្ស ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ នៃគណៈទាក់ទងការបរទេស គណបក្សប្រជាជនកម្ពុជា បានលើកឡើងយ៉ាងច្បាស់អំពីសារៈសំខាន់ជាមូលដ្ឋាននៃការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌។
ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម សួស យ៉ារ៉ា ក្នុងនាមគណៈប្រតិភូកម្ពុជា បានសង្កត់ធ្ងន់ថា រាល់សកម្មភាពបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌ គឺទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ដើម្បីធានាបាននូវការថែរក្សា និងការពារកេរដំណែលរបស់មនុស្សជាតិសម្រាប់មនុស្សជំនាន់ក្រោយ។ ការលើកឡើងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការទប់ស្កាត់រាល់ការរំលោភបំពាន ឬការបំផ្លាញសម្បត្តិវប្បធម៌ ដែលជាសម្បត្តិរួមរបស់មនុស្សជាតិទាំងមូល។
ទន្ទឹមនឹងការលើកកម្ពស់កិច្ចការពារបេតិកភណ្ឌ គណៈប្រតិភូកម្ពុជាក៏បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការ និងលទ្ធផលនៃការបោះឆ្នោតគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការការពារធម្មានុរូប ប្រឆាំងនឹងការជ្រៀតជ្រែកពីអំណាចខាងក្រៅ។ ការណ៍នេះ គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃការបោះឆ្នោត និងធានាឱ្យបាននូវការគោរព និងការពារឆន្ទៈពិតប្រាកដរបស់ប្រជាជាតិ។
ការចូលរួម និងការថ្លែងសារដ៏មានអត្ថន័យនៅក្នុងវេទិកាអន្តរជាតិនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំហរដ៏រឹងមាំ និងឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងការការពារបូរណភាពនៃកេរដំណែលប្រវត្តិសាស្ត្រនៅលើឆាកសកលលោក៕




