ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកស្រី Rachel Schiller ឧបការីរងនៃក្រសួងការបរទេសអាមេរិក បានបញ្ជាក់ជាថ្មីពីជំហររឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក សម្រាប់ភាពជាដៃគូដ៏យូរអង្វែងជាង ៣០ឆ្នាំ។ គិតចាប់តាំងពីឆ្នាំ១៩៩៣ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាគាំទ្រប្រមាណ ២៣៥ លានដុល្លារអាមេរិក ដែលបានរួមចំណែករំដោះដីមានមីនជាង ៧១៤ គីឡូម៉ែត្រការ៉េ និងបំផ្លាញចោលគ្រាប់មីនព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៦៦០,០០០ គ្រាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនភាគីអាមេរិកអំពីវឌ្ឍនភាពប្រវត្តិសាស្ត្រ និងការដាក់ចេញនូវ «គោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥» ដែលជាផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការគំរាមកំហែងពីគ្រាប់មីន និងពង្រឹងការសង្គ្រោះជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រី Rachel Schiller បានកោតសរសើរចំពោះភាពជាដឹកនាំ និងសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបាន ព្រមទាំងការចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ លោកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តឈរជើងជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះត្រឹមឆ្នាំ២០៣៥។



