(ព្រះវិហារ)៖ ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារអតីតយុទ្ធជនចំនួន ៧១៨គ្រួសារ នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរងផលប៉ះពាល់ និងត្រូវភៀសខ្លួនចេញពីលំនៅឋាន។ ឯកឧត្តមក៏ថ្លែងអំណរគុណឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីនាំយកអំណោយរបស់សម្តេចធិបតីមកប្រគល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋានដោយផ្ទាល់។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានជម្រាបជូនប្រជាពលរដ្ឋអំពីដំណឹងដ៏រីករាយ នៃការដាក់ឱ្យប្រើប្រាស់បណ្តាញទឹកស្អាតដោយឥតគិតថ្លៃ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមរយៈកម្មវិធីនេះ គ្រួសារនីមួយៗអាចប្រើប្រាស់ទឹកស្អាតដោយមិនបង់ប្រាក់ក្នុងបរិមាណ ៨ម៉ែត្រគូបក្នុងមួយខែ ដើម្បីរួមចំណែកសម្រាលបន្ទុកចំណាយប្រចាំថ្ងៃ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋភៀសសឹក និងគ្រួសារអតីតយុទ្ធជនទាំង ៧១៨គ្រួសារ ព្រមទាំងបានបង្ហាញពីការយកចិត្តទុកដាក់ជាប្រចាំរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទឹកចិត្តឱ្យបងប្អូនបន្តរក្សាស្មារតីរឹងមាំ មានភាពអត់ធ្មត់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នឹងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការគាំពារចាំបាច់ជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកធានាឱ្យបងប្អូនមានជីវភាពកាន់តែប្រសើរ មានស្ថិរភាព និងទទួលបានភាពកក់ក្តៅក្នុងការរស់នៅ៕






















