រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំស្តង់ផ្សព្វផ្សាយ និងផ្តល់សេវាចល័ត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកង


(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនឹងអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយក្នុងព្រឹត្តិការណ៍អបអរសាទរ ការប្រកួតកីឡាទូក «ង» ពួកនាគ ទូកផ្កាចារ ទឹកកាទូ កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ (ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦) នៅខេត្តស្វាយរៀង នាពេលខាងមុខនេះ។

ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តគ្រោងនឹងរៀបចំស្តង់ផ្សព្វផ្សាយ និងដំណើរការផ្តល់សេវាចល័តរបស់អង្គភាពច្រកចេញចូលតែមួយខេត្ត។

សេវាចល័តនេះនឹងដំណើរការរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងសួនច្បារមាត់ទន្លេវៃគោ ក្រុងស្វាយរៀង។ វត្តមានស្តង់ និងសេវាចល័តនេះ នឹងផ្តល់ឱកាសដ៏ល្អសម្រាប់សាធារណជន ក្នុងការស្វែងយល់ពីព័ត៌មាននានា និងទទួលយកសេវាសាធារណៈមួយចំនួនដោយផ្ទាល់ និងឆាប់រហ័ស ក្នុងអំឡុងពេលនៃការប្រារព្ធព្រឹត្តិការណ៍កីឡាដ៏អធិកអធមនេះ៕