សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសង្កត់ធ្ងន់ជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ខ្ពស់ និងមិនបោះបង់ប្រជាពលរដ្ឋរបស់ខ្លួនឡើយ នៅពេលដែលប្រជាពលរដ្ឋជួបប្រទះនូវទុក្ខលំបាក ឬវិបត្តិណាមួយកើតឡើង ដោយអះអាងថាគ្រប់កាលៈទេសៈរាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋ។
មានប្រសាសន៍នាឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៦នេះ ទាក់ទងនឹងទឹកជំនន់ មានបញ្ហា២ គឺទឹកភ្លៀង និងទឹកទន្លេឡើងពេលជាមួយគ្នាដែលធ្វើឱ្យមានទឹកធំ និងប៉ះពាល់ដល់ ៧ខេត្ត ហើយប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ។
ជុំវិញបញ្ហាទឹកជំនន់ និងបញ្ហាផ្សេងៗដែលកើតមានធ្វើឱ្យប្រជាពលរដ្ឋជួបទុក្ខលំបាក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដូចនេះថា «រាជរដ្ឋាភិបាលអត់ចោលទេប្រជាពលរដ្ឋ ហើយក្នុងមួយឆ្នាំនេះអ្នកព្រំដែនកម្ពុជា-ថៃ យើងអាចនិយាយបានថា ទទួលរងទុក្ខផ្ទួនៗចាប់ពីរឿងការបិទព្រំដែន សង្គ្រាមឈ្លានពានតាមព្រំដែន រហូតមកដល់ទឹកជំនន់»។
ជាមួយនឹងការខិតខំឆ្លងកាត់នូវបញ្ហាដែលកើតមានរបស់ប្រជាពលរដ្ឋនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរ និងថ្លែងអរគុណចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋ ដែលទោះបីត្រូវឆ្លងកាត់សង្គ្រាម និង ទឹកជំនន់ផ្ទួនៗគ្នា ក៏ប្រជាពលរដ្ឋទាំងអស់មានស្មារតីរឹងមាំក្នុងការប្រឈមមុខនឹងបញ្ហា ដែលនេះបានបង្ហាញនូវភាពធន់របស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា រាល់ពេលប្រជាពលរដ្ឋមានការលំបាក អាជ្ញាធរមូលដ្ឋានតែងបង្ហាញមុខមុនគេក្នុងការដោះស្រាយ ហើយសកម្មភាពទាំងនេះ បង្ហាញថាគ្រប់កាលៈទេសៈរាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋ៕
































































