អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៦-២០២៧ និងប្រារព្ធទិវាដឹងគុណគ្រូបង្រៀន ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណ វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដើម្បីប្រាប់ព័ត៌មានដល់សិស្សានុសិស្ស មាតាបិតា ឬអាណាព្យាបាលសិស្សថា ឆ្នាំសិក្សាថ្មី២០២៦-២០២៧ បានមកដល់ហើយ។
លោកអភិបាលខេត្ត បានបន្តថា ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងសាលារៀនដែលមានគ្រូបង្រៀន «គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ»។ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសកូនចៅឲ្យដើរទៅតាមផ្លូវត្រូវ។
ទន្ទឹមនឹងនេះ ត្រូវទទួលស្គាល់ផងដែរថា ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារ ក៏ជាកត្តាដែលបង្កើតឲ្យមានការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខផ្សេងៗ។ ដូច្នេះ មាតាបិតា ឬអាណាព្យាបាល ត្រូវជួយគ្រប់គ្រងអប់រំកូនចៅឲ្យពួកគេស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅឋាន ស្ថិតក្នុងរង្វង់នៃការកម្សាន្ដជាមួយគ្រួសារ មិត្តភ័ក្រ្តត្រឹមត្រូវ មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ដើម្បីក្លាយខ្លួនជា «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» ដែលមានចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍវិជ្ជាជីវៈជាមូលដ្ឋានសំខាន់បំផុត សម្រាប់ឈោងទៅរកអនាគតត្រចះត្រចង់៕














