រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ចុះដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ ដោយផ្តោតទៅលើស្ថានភាពជាក់ស្តែង


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើឱ្យក្រុមការងារចុះមូលដ្ឋានត្រូវប្តូររបៀបធ្វើការពីការចុះមូលដ្ឋានតាមកម្មវិធី ទៅជាការបើកវេទិកាសាធារណៈនៅមូលដ្ឋានស្ថានភាពជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក្តីកង្វល់ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន។ ត្រង់ចំណុចសុំឱ្យក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ត្រូវកំណត់បញ្ហាអាទិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានច្បាស់លាស់។

ការស្នើបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅសាលមហោស្រពខេត្ត នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានមិនគួរត្រឹមតែចុះទៅសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយជាមួយប្រជាពលរដ្ឋនោះទេ ប៉ុន្តែត្រូវចុះដល់មូលដ្ឋានដោយមានគោលដៅច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយផ្តោតទៅលើបញ្ហាជាក់លាក់។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមការងារត្រូវលើកកម្ពស់គុណភាពសេវាសាធារណៈ និងអភិបាលកិច្ចមូលដ្ឋាន ចំណុចនេះ គឺជាអាទិភាពខ្ពស់ពីព្រោះប្រជាពលរដ្ឋវាយតម្លៃការងាររដ្ឋបាល តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ដែលមកទទួលសេវាសាធារណៈ។ ដូច្នេះ ត្រូវត្រួតពិនិត្យឱ្យជាប់ជាប្រចាំលើល្បឿនក្នុងការផ្តល់សេវា តម្លាភាពនៃតម្លៃសេវា អាកប្បកិរិយាមន្ត្រី ការដោះស្រាយបណ្តឹង និងត្រូវទប់ស្កាត់ការទារកម្រៃក្រៅផ្លូវការ ព្រមទាំងការពន្យាពេលផ្តល់សេវាសធារណជូនពលរដ្ឋដោយគ្មានមូលហេតុសមស្រប។

ប្រធានក្រុមការងារបានផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់ នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈ នៅតាមឃុំស្រុកនានា ដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយ នូវរាល់បញ្ហាដែលកើតមានឡើង ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិចូលមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជាមួយរដ្ឋបាលខេត្តក្រចេះ បម្រើប្រជាពលរដ្ឋក្នុងខេត្តក្រចេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានគូសបញ្ជាក់ថាសមិទ្ធផលក្នុងត្រីមានទី៣ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគីសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើសុំដល់អាជ្ញាធរមូលដ្ឋានមេភូមិ មេប៉ុស្តិ៍ មេឃុំ និងចៅសង្កាត់ សុំបន្តបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ដែលរក្សាឱ្យបាននូវវប្បធម៌ នៃការផ្តល់សេវាមួយដែលមានប្រសិទ្ធភាព គុណភាព ហើយផ្តល់នូវជំនឿទុកចិត្តជូនដល់ប្រជាពលរដ្ឋ។ ចំពោះការផ្តល់សេវានានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាកិច្ចការងារមួយដ៏ចាំបាច់បំផុតរបស់អាជ្ញាធរ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានយកចិត្តទុកដាក់ដោយអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ច តាមរយៈការចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ការផ្សព្វផ្សាយគោលនយោបាយបញ្ជ្រាបការយល់ដឹងពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល។

ក្នុងការធ្វើវេទិកាសាធារណៈនៅតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់ បានចំនួន២០លើក មានប្រជាពលរដ្ឋចូលរួមសរុប ៤.២២៧នាក់ ស្រី១.៦៤៥នាក់ ក្នុងនោះក្រុមការងារថ្នាក់ជាតិចំនួន១០៨នាក់ ស្រី១៦នាក់ មន្ត្រីថ្នាក់ក្រោមជាតិចំនួន ១.០៣៩នាក់ ស្រី១៣០នាក់ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន៣.០៨០នាក់ ស្រី១.៤៩៩នាក់)។

ទទួលបានសំណើសំណូមពរពីប្រជាពលរដ្ឋចំនួន ១៦៨ករណីបានដោះស្រាយក្នុងវេទិកា ៦៥ករណី ស្មើនឹង៣៩% បានដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ៤៨ករណីស្មើនឹង២៩% កំពុងដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ៣៣ករណីស្មើនឹង២០% មិនទាន់ដោះស្រាយ ២១ករណី ស្មើនឹង១៣% និងស្នើទៅថ្នាក់ជាតិ០១ករណី ស្មើនឹង១%៕