ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញអមដំណើរគណៈប្រតិភូ ដើម្បីចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង


នារសៀលថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញអមដំណើរគណៈប្រតិភូ ដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលមានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយមានវត្តមានចូលរួមពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការធានាសន្តិសុខទឹក ផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយគ្រោះទឹកជំនន់។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ ទី១)ទំនប់មេប្រវែង ៦៥៤ ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង ៤១៤ ម៉ែត្រ ទី៣) រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និង ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣ គីឡូម៉ែត្រ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី បានបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២៥ មានសក្ដានុពលស្ដុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតភាពកសិកម្មលើផ្ទៃដីប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សានិង ៤ ៥០០ ហិកតា នៅរដូវប្រាំង គ្របដណ្តប់លើស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕