ជំនួបពិភាក្សាការងាររវាងឯកឧត្តមអភិបាលខេត្តស្វាយរៀង និង ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញារឱ្យឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹតទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ជំនួបនេះក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើឯកឧត្តមអគ្គរាជទូតអូស្រ្តាលីប្រចាំកម្្ពជា លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរការងារខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តំណាងលោកប្រធានមន្ទីរអប់រំយុជននិងកីឡាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ជូនអំពីស្ថានភាពទីតាំងភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបានរួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តប្រមាណជាង១៧ម៉ឺននាក់នៅលើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាធំៗ ជូនដល់ឯកឧត្ដមឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលីបានជ្រាបផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ជូនអំពីស្ថានភាពបច្ចុប្បន្ន ស្តីពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដែលមាន គ.ប.ឆ.ប. និងសមត្ថកិច្ចកម្ពុជាសម្រេចបាន ព្រមទាំងគូសបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទោះក្នុងកាលៈទេសៈដែលកម្ពុជាកំពុងដោះស្រាយបញ្ហាវិវាទព្រំដែនក៏ដោយ ក៏កិច្ចប្រតិបត្តិការបង្ក្រាបនិងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែបន្តធ្វើឡើងជាប់ជាប្រចាំដោយគ្មានបន្ធូដៃលើ់កលែងឡើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរឱ្យកាន់តែប្រសើរ លើវិស័យសុខាភិបាល អប់រំ និងបរិស្ថានជានៅកម្ពុជា ហើយជំនួបនៅថ្ងៃនេះ សង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនិងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមកកាន់តែប្រសើរឡើង។

ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី បានសម្តែងនូវចំណាប់អារម្មណ៍ និងថ្លៃងការកោតសសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្តស្វាយរៀងជាពិសេសទៅលើវិស័យឧស្សាហ៍កម្មដែលបានបង្កើតការងារធ្វើជូនដល់ប្រជាពលរដ្ឋយ៉ាងច្រើន។

ក្នុងនោះឯកឧត្តមឯកអគ្គរាជទូតបានទទួលស្គាល់លើការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបញ្ហានេះពិភពលោកកំពុងប្រឈម និងបានគូសបញ្ជាក់ថានៅប្រទេសអូស្ត្រាលី ក៏មានពលរដ្ឋមួយចំនួន បានក្លាយជាជនរងគ្រោះដោយសារសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ថា អូស្ត្រាលីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពាក់ព័ន្ធកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕