នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកទូទាំងខេត្តពោធិ៍សាត់ បានប្រារព្ធពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ យ៉ាងអធិកអធម និងប្រកបដោយក្តីរំភើបរីករាយនោះ, នៅវិទ្យាល័យ ហ៊ុនសែន កណ្តៀង និងវិទ្យាល័យ ហ៊ុនសែន ក្រគរ ក៏បានប្រារព្ធពិធីនោះដូចគ្នា ក្នុងក្របខណ្ឌទូទាំងស្រុក។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ដោយមានការចូលរួមពីសំណាក់ក្រុមការងារ អាជ្ញាធរដែនដី មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសបើកបវេសនកាលថ្មីនេះ សារលិខិតដ៏មានអត្ថន័យជ្រាលជ្រៅរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានអានឡើងដើម្បីថ្លែងការកោតសរសើរ និងផ្ញើការផ្តាំផ្ញើសុខទុក្ខដល់វិស័យអប់រំទូទាំងប្រទេស។
តាមរយៈសារលិខិតនោះ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាគ្រឹះស្ថានដ៏មានតម្លៃបំផុតក្នុងការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ ក្រមសីលធម៌ និងការច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមរកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បន្តខិតខំប្រឹងប្រែងទាំងការបង្រៀន និងការរៀន ព្រមទាំងចូលរួមថែរក្សាសមិទ្ធផលអប់រំនៅតាមមូលដ្ឋានឱ្យបានគង់វង្ស។
មានមតិសំណាលយ៉ាងស្និទ្ធស្នាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោកបណ្ឌិត ប្រាំង ជលសា បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានមកជួបផ្ទាល់ និងចូលរួមអបអរសាទរជាមួយក្មួយៗសិស្សានុសិស្សក្នុងថ្ងៃដំបូង នៃឆ្នាំសិក្សាថ្មីនេះ ក្នុងក្របខ័ណ្ឌទូទាំងស្រុកទាំងពីរ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍវិស័យអប់រំ ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាក្មួយៗសិស្សានុសិស្សទាំងអស់ ទាំងផ្នែកស្មារតី សម្ភារសិក្សា និងការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលារៀន ដើម្បបង្កើតបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើង និងជួយសម្រួលដល់ការបំពេញភារកិច្ចរបស់លោកគ្រូ អ្នកគ្រូឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុកទាំង២ ឯកឧត្តមបណ្ឌិតបានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ធ្វើកិច្ចការផ្ទះ និងអានសៀវភៅឱ្យបានច្រើន ដើម្បីត្រៀមខ្លួនជាទំពាំងស្នងឫស្សីដ៏ឆ្នើមសម្រាប់ប្រទេសជាតិ។ ត្រូវចេះគោរពលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងស្រឡាញ់មិត្តភក្តិក្នុងសាលា ព្រមទាំងជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ត្រូវបំពាក់បំប៉នសមត្ថភាពខ្លួនឯងលើវិស័យបច្ចេកវិទ្យា និងភាសា ដើម្បីឱ្យទាន់សហស្សវត្ស នៃពិភពលោកសម័យឌីជីថល។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ និងគណៈនាយកសាលាទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលបង្រៀនសិស្សានុសិស្សកន្លងមក និងបានជូនពរឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧នេះ ក្លាយជាឆ្នាំសិក្សាដែលមានភាពជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរគ្រប់ៗគ្នា៕


















































