ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញដល់ទីក្រុងទុនហ័រ ប្រទេសចិន ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិដែលមានប្រទេសជាង៥៥ចូលរួម


ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញដល់ទីក្រុងទុនហ័រ (Dunhuang) ខេត្តគ័នស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមព្រឹត្តិការណ៍ជំរុញទេសចរណ៍អន្តរជាតិប្រចាំឆ្នាំរបស់ខេត្ត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមកពីប្រទេសជាង៥៥ លើពិភពលោក។

ក្នុងឱកាសអញ្ជើញដល់ទីក្រុងទុនហ័រ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីលោកស្រី Xu Yanli អគ្គនាយកមន្ទីរកិច្ចការបរទេសនៃរដ្ឋបាលប្រជាជនខេត្តគ័នស៊ូ និងជាអគ្គនាយកគណៈកម្មការកិច្ចការបរទេសនៃការិយាល័យគណៈកម្មាធិការបក្សកុម្មុយនីស្តចិន (CPC) ប្រចាំខេត្តគ័នស៊ូ ដោយមានការចូលរួមពីសហការីជាន់ខ្ពស់ លោក Ung Samraingsey អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស៊ីអាន និងលោក Huo ZhaoGuo ប្រធានសភាពាណិជ្ជកម្មខេត្តគ័នស៊ូប្រចាំកម្ពុជា។

ការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញពីស្ថានភាពនយោបាយ សង្គម សន្តិសុខ និងសុវត្ថិភាពពិតប្រាកដរបស់កម្ពុជា ព្រមទាំងផ្សព្វផ្សាយពីសក្តានុពល និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជាដល់ប្រជាជនចិនក្នុងខេត្តគ័នស៊ូ និងគណៈប្រតិភូអន្តរជាតិមកពីប្រទេសជាង៥៥។

ជាមួយគ្នានេះ វត្តមានរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ ក៏ជាការរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥» ព្រមទាំងកំណើនភ្ញៀវទេសចរចិន និងវិនិយោគិនចិនមកកម្ពុជាជាបន្តបន្ទាប់៕