វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី៤ ឆ្នាំ២០១៧ នៅស្រុកមុខកំពូល


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី៤ ខែធ្នូ នេះ ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី៤ ឆ្នាំ២០១៧ នៅស្រុកមុខកំពូល (ក្នុងវត្តចាស់ ឃុំព្រែកដំបង) ក្រោមអធិបតីភាព ឯឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ មន្ត្រីរាជការស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងស្រុក សរុបវត្តមាន ៥០០ នាក់។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកសំណូមពរ តាមរយៈការសរសេរលិខិត ភាគច្រើនពាក់ព័ន្ធនឹង ការសុំបើកផ្លូវ, បញ្ហាអគ្គិសនី, ការទប់ស្កាត់បទល្មើសនេសាទ គ្រឿងញៀន ល្បែងស៊ីសង, បញ្ហាបាក់ច្រាំងទន្លេ, លូបង្ហូរទឹកចេញពីភូមិ, បញ្ហាទឹកហូរស្រកយឺតបណ្តាលឲ្យការបង្កបង្កើនផលស្រូវប្រាំងជួបការលំបាក, បញ្ចុះតម្លៃទឹក, បញ្ហាសម្រាម, សុំប័ណ្ណក្រីក្រសម្រាប់ប្រជាពលរដ្ឋមានផ្ទុកមេរោគអេដស៍, សំណូមពរបង្កើតរោងចក្រដើម្បីប្រជាពលរដ្ឋមានការងារធ្វើ។ល។
ជាការឆ្លើយតប ឯឧ អភិបាលខេត្ត បានទទួលយកគ្រប់សំណូមពរទាំងអស់។ ចំពោះសំណូមពរដែលមានទំហំធំ ប្រើប្រាស់ថវិកាច្រើន ឯឧ បានចាត់តាំងមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យ សិក្សា លើកគម្រោង ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេច។ ដោយឡែក សំណូមពរដែលមានគម្រោងច្បាស់លាស់ ប្រើប្រាស់ថវិកាតិច ឯឧ បានប្រកាសឧបត្ថម្ភតាមសភាពជាក់ស្តែង រួមមាន ៖
*ផ្តល់អគារសាលាឃុំ និងបន្ទប់ទឹក ៣ឃុំ (ឃុំរកាកោង១ ឃុំព្រែកដំបង និងឃុំព្រែកអញ្ចាញ) អនុវត្តឆ្នាំ២០១៨។
*ផ្តល់បង្គោលភ្លើង ៤០បង្គោល និងភ្លើងបំភ្លឺផ្លូវ ពីចំណុចផ្លូវបំបែកពីផ្លូវជាតិលេខ៦A ដល់ផ្សាររកាកោង ឃុំរកាកោង (អនុវត្តឆ្នាំ២០១៨)។
*ផ្តល់អគារសិក្សា ១ខ្នង ៥បន្ទប់ ដល់សាលាបឋមសិក្សាព្រែកដំបង។
*ផ្តល់ម៉ូតូZoomer X ១គ្រឿងដល់សិស្សដែលទទួលបាននិទ្ទេសA ១នាក់ មកពីវិទ្យាល័យសេរីមង្គល ក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០១៧ កន្លងមក។