ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ


នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ) បានធ្វើសេចក្ដីរាយការណ៍លម្អិតជូនកិច្ចប្រជុំអំពីផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់។ លោកឧត្តមសេនីយ៍ឯក យឹម លាង បានអះអាងថា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ នឹងត្រូវប្រើប្រាស់កម្លាំងសមត្ថកិច្ចប្រជុំជិត២ម៉ឺននាក់ ដើម្បីធានាដល់សុវត្ថិភាពទាំងមូល។

ជាមួយគ្នានោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់​ក្នុងការការ​ពារ​សន្តិសុខជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​ពីបណ្តាប្រទេសនានា​ជុំវិញពិភពលោក ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត​នេះ។ លោកសន្ដិបណ្ឌិត បន្ដថា កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ដែលប្រមូលផ្តុំថ្នាក់ដឹកនាំពិភពលោកច្រើនបំផុត ជាង៩០ប្រទេស មកកាន់​ប្រទេសកម្ពុជា ក្នុងនោះលោកប្រធានាធិបតីបារាំង អេម៉នូអែល ម៉ាក្រុង ក៏នឹងមានវត្តដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសង្កត់ធ្ងន់ឲ្យគ្រប់បណ្ដាស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត សហការគ្នាយ៉ាងបានស្អិតរមួត ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថកិច្ចជូនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងមកដល់ពេលឆាប់ៗខាងមុខនេះ។ ក្រៅពីការសន្ដិសុខ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ត្រូវគិតគូរដល់ការងារសម្អាតបរិស្ថាន អនាម័យឲ្យបានល្អផងដែរ។

សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

កម្ពុជា និងបារាំង បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំនេះ ឲ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅតំបន់នេះកាលពី២៩ឆ្នាំមុន។

ក្រៅពីនេះ ក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរគឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និងហ្វ្រង់កូតិច (FrancoTech) ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ ការរៀបចំនេះនឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក៕