នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការត្រៀមបង្ការបាតុភូតអែលនីញ៉ូ (El Niño) ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកនៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងត្រៀមលក្ខណៈជួយផ្ដល់កិច្ចអន្ដរាគមន៍នានាជួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយការខ្វះខាតទឹកប្រើប្រាស់ ក្នុងអំឡុងពេលគ្រោះរាងស្ងួតនៃបាតុភូតអែលនីញ៉ូ។ កិច្ចប្រជុំបានដំណើរការដោយមានការធ្វើរបាយការណ៍ស្វាគមន៍ដោយ លោក ទិត្យ សុផា ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទ ដោយបានរំលេចជូនអំពីវឌ្ឍនភាពការងារដែលនាយកដ្ឋានសម្រេចបាន តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣ ព្រមទាំងការអនុវត្តសកម្មភាពនានា ស្របតាមសេចក្តីណែនាំ ស្តីពីវិធានការនិងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស និងបាតុភូតុអែលនីញ៉ូ (El Niño) ដែលក្រសួងបានដាក់ចេញនាពេលកន្លងមក។
ជាមួយគ្នានោះដែរ តំណាងអង្គការជាតិ-អន្ដរជាតិ ដែលមានវត្តនៅក្នុងកិច្ចប្រជុំ បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ដោយបានបញ្ជាក់ជូនអំពីបេសកកម្ម តួនាទី និងភារិច្ច ក៏ដូចជាលទ្ធផលដែលអង្គការរបស់ខ្លួនសម្រេចបាននាពេលកន្លងមក ព្រមទាំងបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការគាំទ្រ និងការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងស្ថាប័ន ក៏ដូចជាភាគីពាក់ព័ន្ធនានា ដើម្បីជួយផ្ដល់ការឆ្លើយតបលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងការអរគុណចំពោះ អង្គការជាតិ និងអន្តរជាតិ ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សានាឱកាសនេះ ដែលជាកាយវិការបង្ហាញនូវស្មារតីរួមគ្នាជាសហថាមពល ក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេស និងអង្គការជាតិ និងអន្ដរជាតិទាំងអស់ ដែលបានរួមសហការគ្នា អនុវត្តការងារផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈនាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អន្ដរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បន្ដសហការគ្នាឱ្យកានត់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីសិក្សា ពិនិត្យស្ថានភាព ទីតាំងភូមិសាស្ដ្រ ដែលទទួលរងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូនេះ។ លើសពីនេះទៀត ត្រូវកំណត់គោលដៅដែលត្រូវអន្តរាគមន៍ មុខសញ្ញាជនងាយរងគ្រោះនានា ជាពិសេសចាស់ជរា ស្ដ្រីមានផ្ទៃពោះ ជនមានពិការភាព និងកុមារ ការបម្រុងនូវប្រភពធនធានទឹក រួមផ្សំនឹងមធ្យោបាយជាយុទ្ធសាស្ត្រ គ្រប់ប្រភេទ និងចុះជួយដោះស្រាយទុក្ខលំបាក ប្រកបដោយបុរេសកម្ម ស្របតាមគោលការណ៍ ការពារ ប្រសើរជាងព្យាបាល។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដចូលរួមពង្រឹងនូវកិច្ចសហប្រតិបត្តិការក្រោមរូបភាព «សហថាមពល» ដើម្បីរួមគ្នាអនុត្តការងារលើវិស័យផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យ ជនបទឱ្យសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្ត្រស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់ អនាម័យជនបទឆ្នាំ២០២៦-២០៣៣៕















