ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សៀវភៅ «ស្នាមញញឹមខ្មែរ» ជាផ្នែកមួយនៃការផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃជាតិទៅកាន់ពិភពលោក


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំ និងបោះពុម្ពផ្សាយសៀវភៅ «ស្នាមញញឹមខ្មែរ Le Sourire du peuple cambodgien» ដែលជាស្នាដៃរួមគ្នារវាងអ្នកនិពន្ធខ្មែរ និងបរទេស តាមរយៈកិច្ចសហការរបស់ក្រុមសារព័ត៌មានថ្មីៗ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា (SIPAR) និង Wonder of Cambodia ដោយចាត់ទុកថា សៀវភៅនេះមានអត្ថន័យលើសពីការប្រមូលផ្តុំរូបភាព និងរឿងរ៉ាវអំពីកម្ពុជា។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានអំពីការបោះពុម្ពផ្សាយសៀវភៅភាសាខ្មែរ និងភាសាបារាំង
«ស្នាមញញឹមខ្មែរ Le Sourire du peuple cambodgien» នៅទីស្ដីការក្រសួងព័ត៌មាន។ ដោយមានការចូលរួមពី លោក Pascal Medeville អ្នកបកប្រែ និងជាអ្នកស្រាវជ្រាវសង្គមចិន និងខ្មែរ និង ជាសហនិពន្ធសៀវភៅស្នាមញញឹមខ្មែរ , លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានថ្មីៗមីឌៀគ្រុប និងជាសហអ្នក និពន្ធសៀវភៅស្នាមញញឹមខ្មែរ, លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (SIPAR), លោក វន សំភាស់ ប្រធានអង្គការ អ័ក្សសិន អេខ្យូខេសិន និងអ្នកសារព័ត៌មានជាច្រើន។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា សៀវភៅ «ស្នាមញញឹមខ្មែរ» គឺជាការចូលរួមដ៏មានអត្ថន័យក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិខ្មែរ ជាពិសេសនៅក្នុងពេលវេលាដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ខែវិច្ឆិកាខាងមុខនេះ។

ឯកឧត្តមបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការបង្ហាញមុខមាត់ប្រទេស ទៅកាន់សហគមន៍ហ្វ្រង់កូហ្វូនី និងមិត្តភក្តិអន្តរជាតិ មិនត្រឹមតែតាមរយៈកិច្ចប្រជុំការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈវប្បធម៌ អក្សរសិល្ប៍ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅពេលពិភពលោកនិយាយអំពីកម្ពុជា មនុស្សជាច្រើនតែងនឹកឃើញដល់ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូប និងជាមោទនភាពដ៏ធំធេងរបស់ជាតិ។ ប៉ុន្តែកម្ពុជាមានច្រើនជាងប្រាសាទអង្គរវត្តទៅទៀត ដោយមានប្រជាជនដែលមានភាពរាក់ទាក់ ប្រពៃណី និងទំនៀមទម្លាប់ដ៏សម្បូរបែប សិល្បៈ ភាសា អក្សរ ម្ហូបអាហារ ជំនឿ និងគុណតម្លៃសង្គមដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។

ឯកឧត្តមបន្តថា អង្គរវត្តជាមោទនភាពនៃអតីតកាលដ៏រុងរឿងរបស់កម្ពុជា ប៉ុន្តែប្រជាជនខ្មែរគឺជាអ្នកបន្តថែរក្សា បង្កើត និងកសាងអនាគតរបស់ប្រទេសជាតិ។ ដូច្នេះ កម្ពុជាចង់ឱ្យពិភពលោកស្គាល់ប្រទេសខ្លួន មិនត្រឹមតែតាមរយៈស្នាដៃដែលបុព្វបុរសបានបន្សល់ទុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈស្នាដៃដែលប្រជាជនខ្មែរកំពុងបង្កើតនាពេលបច្ចុប្បន្ន និងក្តីប្រាថ្នាសម្រាប់អនាគតផងដែរ។

ចំពោះអត្ថន័យនៃចំណងជើងសៀវភៅ លោករដ្ឋមន្ត្រីបានបង្ហាញទស្សនៈថា «ស្នាមញញឹមខ្មែរ» មានអត្ថន័យលើសពីការបង្ហាញភាពរីករាយ ពោលគឺជានិមិត្តរូបនៃភាពកក់ក្តៅ ការរាក់ទាក់ សេចក្តីថ្លៃថ្នូរ និងស្មារតីនៃការរស់នៅជាមួយគ្នា។ ស្នាមញញឹមនេះក៏ជាសារនៃមិត្តភាព ក្តីសង្ឃឹម និងសន្តិភាព ដែលប្រជាជនកម្ពុជាចង់ចែករំលែកទៅកាន់ពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមបានចាត់ទុកការបោះពុម្ពសៀវភៅជាភាសាខ្មែរ និងភាសាបារាំងថា ជាការបង្កើតស្ពានវប្បធម៌ដ៏សំខាន់។ ភាសាខ្មែរជាភាសានៃអត្តសញ្ញាណជាតិ និងជាមធ្យោបាយរក្សាមរតកចំណេះដឹងរបស់ប្រជាជាតិ ខណៈភាសាបារាំងជាស្ពានសម្រាប់នាំយករឿងរ៉ាវអំពីកម្ពុជាទៅកាន់អ្នកអានក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
លោកបានបន្ថែមថា ភាពចម្រុះនៃភាសាមិនមែនជាឧបសគ្គដល់ការយល់គ្នានោះទេ ប៉ុន្តែជាឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការរៀនសូត្រ និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការទូតវប្បធម៌ និងអំណាចទាក់ទាញតាមរយៈវប្បធម៌ (Soft Power) ដោយបញ្ជាក់ថា សៀវភៅអាចនាំរឿងរ៉ាវរបស់ប្រទេសមួយទៅដល់ទីកន្លែងដែលមនុស្សមិនអាចទៅដល់ដោយផ្ទាល់ ហើយបទពិសោធន៍របស់មនុស្ស ម្នាក់អាចធ្វើឱ្យអ្នកអានរាប់ពាន់នាក់ចាប់អារម្មណ៍ចង់ស្វែងយល់ពីប្រទេសនោះ។

ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា Soft Power មិនមែនកើតចេញពីការផ្សព្វផ្សាយឱ្យបានទូលំទូលាយតែមួយមុខនោះទេ ប៉ុន្តែត្រូវផ្អែកលើគុណភាពនៃស្នាដៃ ភាពជឿជាក់នៃព័ត៌មាន ភាពទាក់ទាញនៃវប្បធម៌ និងជាពិសេសបទពិសោធន៍ពិតប្រាកដដែលមនុស្សទទួលបាន។ ជាពិសេស សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជាបានលើកយកទិសស្លោក «ស្នាមញញឹមកម្ពុជា គឺជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ដែលបង្ហាញពីស្មារតីមិត្តភាព ការបើកចំហ និងការចែករំលែកតម្លៃរួមជាមួយសហគមន៍អន្តរជាតិ៕