កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី ត្រីភាគី ទ្វេភាគី កម្ពុជា ឡាវ វៀតណាម លើកទី១៩ ស្ដីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន។ ពិធីបើកកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ភាគីវៀតណាម ដែលបានចូលរួមកិច្ចប្រជុំដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ដ្រីក្រសួងនគរបាល ខណៈភាគីឡាវ ដែលបានមកចូលរួមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គង់សារ៉ាត់ ប៊ុងលៀង អនុរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀនខុសច្បាប់នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ សកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែន និងការប្រែប្រួលនៃការប្រើប្រាស់មធ្យោបាយ ឧបករណ៍ ប្រព្រឹត្តបទល្មើសពីសំណាក់ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានឆ្លុះបញ្ចាំងពីភាពចាំបាច់ នូវតម្រូវការឆ្លើយតបមួយចំនួនដល់ភាគីយើងទាំងបី ក្នុងការពង្រឹងនិងពង្រីក ការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួលកិច្ចប្រតិបត្តិការ ការលើកកម្ពស់សមត្ថភាពជំនាញ និងការចែករំលែកបទពិសោធន៍រវាងសា្ថប័នមានសមត្ថកិច្ចនៃប្រទេសយើងទាំងបី។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ គឺមានសារៈសំខាន់ក្នុងការពិនិត្យនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការដែលយើងបានអនុវត្តនាពេលកន្លងមក ការផ្លាស់ប្ដូរយោបល់ និង បទពិសោធន៍ ព្រមទាំងពិភាក្សាអំពីទិសដៅ និងវិធានការចាំបាច់ ដើម្បីបន្តពង្រឹងកិច្ចសហការឱ្យ កាន់តែមានភាពសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការពិភាក្សាប្រកបដោយភាពស្មោះត្រង់ ការយោគយល់ និងស្មារតីសហប្រតិបត្តិការ កិច្ចប្រជុំនេះ នឹងទទួលបានលទ្ធផលជាក់ស្តែង ដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសយើងទាំងបី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កិច្ចប្រជុំលើកទី១៩នេះ ត្រូវបានគ្រោងរៀបចំឡើងតាំងពីឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងការវិវត្តនៃស្ថានភាព ជាតិនិងអន្តរជាតិ កិច្ចប្រជុំនេះ ត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ។ ការជួបជុំគ្នានាពេលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់យើង ក្នុងការពិនិត្យឡើងវិញ នូវសមិទ្ធផលកន្លងមក វាយតម្លៃបញ្ហាប្រឈមថ្មីៗ និងកំណត់ទិសដៅអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
ក្នុងបរិបទដែលស្ថានភាពគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងមានភាពស្មុគស្មាញនេះ កម្ពុជា វៀតណាម និងឡាវ ចាំបាច់ត្រូវបន្តពង្រឹង សាមគ្គីភាព ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមាន ប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព និង ផលប្រយោជន៍ទៅវិញទៅមក ដែលក្នុងន័យនេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានផ្ដល់ជូននូវទស្សនៈជាអាទិភាព សំខាន់ៗ ដូចខាងក្រោម៖
*ទី១៖ ការពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដែលក្នុងនោះ ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងបី ត្រូវពង្រឹងប្រព័ន្ធទំនាក់ទំនង Hotine ២៤/៧ ដែលទាមទារឲ្យមានការឆ្លើយតបរហ័ស ឈានទៅដល់ការទប់ស្កាត់ និងបង្ក្រាបបណ្ដាញ ឧក្រិដ្ឋជនទាន់ពេល ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព
*ទី២៖ ការពង្រឹងយន្តការជួបប្រជុំថ្នាក់ជំនាញ និងថ្នាក់ខេត្ត ឲ្យបានទៀងទាត់ និងញឹកញាប់។ បន្ថែមពីលើការប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគី ទ្វេភាគីរបស់យើងយន្តការប្រជុំ ថ្នាក់ជំនាញ ថ្នាក់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងថ្នាក់ស្នងការដ្ឋានខេត្ត ក៏ជាកត្តាចាំបាច់មួយ ដើម្បីកម្លាំងអនុវត្តន៍ច្បាប់ទាំង៣ប្រទេសរបស់យើង អាចផ្លាស់ប្តូរព័ត៌មាន ពិសោធល្អៗ និងបង្កើនមិត្តភាព និងសាមគ្គីភាពនៃកម្រិតជំនាញបន្ថែមទៀត
*ទី៣៖ ការពង្រឹងការគ្រប់គ្រងព្រំដែន និងការត្រួតពិនិត្យចលនាឆ្លងដែន ដោយផ្តោតលើ ការទប់ស្កាត់ការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ការបង្វែរទិសដៅសារធាតុគីមីផ្សំទៅកែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់ផ្លូវឆ្លងដែនសម្រាប់សកម្មភាពឧក្រិដ្ឋកម្ម ដែលតម្រូវឱ្យមានប្រទេសយើងទាំងបី ត្រូវពង្រឹងយន្តការត្រួតពិនិត្យតាមព្រំដែន រៀងៗខ្លួនផង និងជំរុញការចែករំលែកព័ត៌មានរវាងគ្នានិងគ្នាផង អំពីការដឹកជញ្ជូនសារធាតុ ដែលមានលក្ខណៈសង្ស័យទាំងនេះ
*ទី៤៖ កិច្ចសហការប្រឆាំងការសម្អាតប្រាក់ ដោយត្រូវសហការគ្នាផ្លាស់ប្តូរព័ត៌មានអំពី ប្រតិបត្តិការហិរញ្ញវត្ថុសង្ស័យនានា ដើម្បីឈានទៅដល់ការកំណត់មុខសញ្ញាមេក្លោង អ្នករៀបចំ ផែនការ អ្នកផ្តល់ហិរញ្ញប្បទាន និងបណ្ដាញដែលទទួលផលចំណេញពីបទល្មើសទាំងនេះ សំដៅធ្វើយ៉ាងណាកាត់ផ្តាច់ចរន្តហិរញ្ញវត្ថុកខ្វក់ និងបង្ក្រាបឲ្យចំមេក្លោង
*ទី៥៖ ការលើកកម្ពស់សមត្ថភាព និងជំនាញរបស់មន្ត្រីអនុវត្តច្បាប់ តាមរយៈ ការបណ្តុះបណ្តាល ការផ្លាស់ប្ដូរបទពិសោធ និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេស ការវិភាគព័ត៌មានស៊ើបការណ៍ ការស៊ើបអង្កេតឌីជីថល ការតាមដានប្រតិបត្តិការ ហិរញ្ញវត្ថុ ការកំណត់អត្តសញ្ញាណសារធាតុគីមីផ្សំ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បី ប្រឆាំងបទល្មើស។ ក្នុងន័យនេះ លោកសូមថ្លែងអំណរគុណដល់ភាគីមិត្តដែលបានរួមចំណែក ដល់ការបណ្តុះ បណ្តាលមន្រ្តីកម្ពុជា នាពេលកន្លងមក និងកម្ពុជាស្វាគមន៍ចំពោះ ការចែករំលែកបទពិសោធ មេរៀន និងជំនាញល្អៗទាំងនេះបន្ថែមទៀត នាពេលអនាគត៕



































