ក្រសួងបរិស្ថាន បានបិទបញ្ចប់សិក្ខាសាលាស្តីពី «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ព្រឹត្តិការណ៍នេះក៏មាន ការអញ្ជើញចូលរួមពីលោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត ដែលមានតំបន់ការពារធម្មជាតិ ដៃគូសហការអភិរក្ស ដៃគូអភិវឌ្ឍន៍ មន្រ្តីឧទ្យានុរក្ស និងតំណាងប្រជាពលរដ្ឋ មកពីសហគមន៍តំបន់ការពារធម្មជាតិជាច្រើននាក់។
នៅក្នុងឱកាសនោះ លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា បានលើកឡើងថា យុទ្ធសាស្ត្រនៃការបង្កើនប្រសិទ្ធភាព គ្រប់គ្រងធនធានធម្មជាតិ ពិតជាមានសារៈសំខាន់ សម្រាប់ធានាចីរភាពបរិស្ថាន។ លោកស្រីបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញពីការប្តេជ្ញាចិត្ត របស់អង្គការ FAO ក្នុងការបន្តគាំទ្រទាំងបច្ចេកទេស និងធនធាន ដើម្បីធានាថាប្រព័ន្ធអេកូឡូស៊ី សន្តិសុខស្បៀង និងជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋានត្រូវបានការពារ និងអភិវឌ្ឍប្រកបដោយតុល្យភាព។
ថ្លែងនៅក្នុងពិធីបិទនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីបរិស្ថានគ្រប់ថ្នាក់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ គណៈបញ្ជាការ ឯកភាពខេត្ត ក្រុង ស្រុក ដែលមានតំបន់ការពារធម្មជាតិ ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងដៃូសហការជាតិ និងអន្តរជាតិ សង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន និងប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ពង្រឹងការចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះបទល្មើសធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា ការការពារព្រៃឈើ សត្វព្រៃ និងទប់ស្កាត់ការទន្រ្ទានកាន់កាប់ដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ទាមទារឱ្យមានការអនុវត្តច្បាប់ ទូទាំងប្រទេសដោយស្មើភាព និងមានតម្លាភាព។ ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកដល់មន្រ្តីបរិស្ថាន បន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះយុទ្ធសាស្រ្តអាទិភាព ២.១ ដែលជាស្នូលក្នុងការធានាការពារធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ដើម្បីរក្សាបាននូវតុល្យភាពបរិស្ថាន និងទ្រទ្រង់ដល់ការរស់នៅរបស់មនុស្សជាតិ រក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ស្របតាមចក្ខុវិស័យ ឆ្ពោះទៅប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានគម្របបៃតងច្រើន ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា «ការសហការរវាងគ្រប់ភាគី» និង «ការក្តាប់ជាប់រួមទាំងការឆ្លើយតប នឹងព័ត៌មានបានទាន់ពេលវេលា» គឺជាគន្លឹះយុទ្ធសាស្ត្រ ដែលធ្វើឱ្យការអនុវត្តច្បាប់ ក្នុងតំបន់ការពារធម្មជាតិ មានប្រសិទ្ធភាពខ្ពស់។ «តាមរយៈការប្តេជ្ញាចិត្តរួមគ្នានេះ កម្ពុជានឹងអាចលុបបំបាត់បទល្មើសធនធានធម្មជាតិ និងប្រែក្លាយតំបន់ការពារធម្មជាតិទាំងអស់ឱ្យទៅជាប្រភពចំណូល ប្រកបដោយនិរន្តរភាពសម្រាប់ជាតិ និងប្រជាជននៅតាមតំបន់ការពារធម្មជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត» ឯកឧត្តមរដ្ឋមន្រ្តមានប្រសាសន៍បន្ថែម។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» បានរៀបចំឡើង ដើម្បីប្រមូលធាតុចូល ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងដាក់ចេញនូវផែនការសកម្មភាព ឬួមមាន៖
– លើកកម្ពស់វិធានការការពារ ការពង្រីក និងការអភិវឌ្ឍន៍សហគម៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ
– ជំរុញកិច្ចសហការរវាងក្រសួង-ស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ក្រោមជាតិ អង្គការដៃគូ និងសហគមន៍មូលដ្ឋានក្នុងការចូលរួមការពារ ទប់ស្កាត់ និងថែរក្សាធនធានធម្មជាតិ
– ស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្ររួមគ្នា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពបទល្មើសធនធានធម្មជាតិ និងយន្តការចាំបាច់ឆ្លើយតបចំពោះព័ត៌មានមិនពិត និង
– ចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរ ពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ និងការគ្រប់គ្រងគ្រប់គ្រងតំបន់ការពារធម្មជាតិ។
វេទិកាដ៏មានសារៈសំខាន់ ក៏រៀបចំឱ្យមានកិច្ចពិភាក្សា ដោយមានការចូលរួមពីវាគ្មិន ជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត អង្គការដៃគូ និងមន្ទីបរិស្ថានបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុងការពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្នុងព្រឹត្តកាណ៍បិទ មានពិធីចែកសម្ភារល្បាត និងដ្រូន មួយចំនួន ដែលគាំទ្រដោយ FAO ដល់មន្ទីរបរិស្ថានខេត្ត និងសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន សម្រាប់ពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ៕






