កំពង់ចាម៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ចយោធា នៅសាលាហ្វឹកហ្វឺនកងទ័ព ដែលពិធីនេះត្រូវបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្ត និងជាប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្ត, លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ, គណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង-ស្រុក, អាជ្ញាធរដែនដី ព្រមទាំងពុកម៉ែ មាតាបិតា អាណាព្យាបាល និងបងប្អូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្ត បានឲ្យដឹងថា ក្នុងការអនុវត្តការងារកាតព្វកិច្ចយោធាឆ្នាំ២០២៦ គណៈកម្មាធិការកាតព្វកិច្ចយោធាថ្នាក់ជាតិ បានទម្លាក់បញ្ជីឈ្មោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ចំនួន ១៤០នាក់ មកពី១០ក្រុង-ស្រុកក្នុងខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានថ្លែងអរគុណដល់គណៈកម្មាធិការកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាណាព្យាបាលដែលបានលើកទឹកចិត្ត និងផ្តល់ឱកាសឲ្យកូនចៅចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីទទួលបាននូវចំណេះជំនាញ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារអធិបតេយ្យភាព បូរណភាពទឹកដី។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើនូវអនុសាសន៍សំខាន់ៗចំនួន ០៤ចំណុច ដល់ប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ចយោធា៖ ១. ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងកាយសម្បទារបស់ខ្លួនឲ្យបានល្អ។ ២. ត្រូវខិតខំស្វែងយល់ អត់ធ្មត់ និងបង្កើនការលះបង់ ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ។ ៣. រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិសុខ សន្តិសុខសង្គម អធិបតេយ្យភាព និងបូរណភាពទឹកដី (មានតែយើងខ្លាំងទេ ទើបអាចរក្សាបាននូវអ្វីៗដែលមាននាពេលបច្ចុប្បន្ន)។ ៤. ត្រូវចាំថា «គ្មានបរទេសណា ឬជនជាតិណា ស្រឡាញ់ជាតិយើង ដូចយើងនោះឡើយ» ដូច្នេះត្រូវរួមគ្នាកសាង និងការពារជាតិឲ្យបានរឹងមាំ។
ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ឯកឧត្តម ខ្លូត ចិន្តា ព្រមទាំងថ្នាក់ដឹកនាំ ក៏បានជូនពរ និងជូនដំណើរប្រជាពលរដ្ឋទាំងអស់ ចេញដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច។


