(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មកដល់ពេលនេះមាន ៧០ប្រទេសហើយបានចុះឈ្មោះចូលរួម ក្នុងនោះមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង ២០ប្រទេស បានបញ្ជាក់វត្តមានរួចរាល់។
ការថ្លែងបែបនេះរបស់សម្តេចធិបតី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពចែកពូជស្រូវ និងស្បៀង ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលេចផងដែរថា លោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់ បន្ទាប់ពីអវត្តមានដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីបារាំងនៅកម្ពុជា អស់រយៈពេលជាង ៦០ឆ្នាំមកហើយ។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា៖ «នេះជាមហាកិត្តិយស និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាគ្រប់រូបគួរមានមោទនភាពក្រៃលែង ដែលប្រទេសយើងអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះបាន»។
ទន្ទឹមនឹងនេះ សម្តេចក៏បានលើកឡើងដោយការខកចិត្តចំពោះជនអគតិក្នុងក្រុមប្រឆាំងក្រៅស្រុក ដែលកើតទុក្ខមិនសុខចិត្ត និងបានសរសេរលិខិតស្នើទៅកាន់ប្រធានាធិបតីបារាំង ហាមឃាត់មិនឱ្យអញ្ជើញចូលរួមកិច្ចប្រជុំនៅកម្ពុជាទៅវិញ។ សម្តេចបានសម្តែងការសោកស្តាយដែលជនរួមជាតិខ្លួនឯង បែរជាមិនសាទរ និងព្យាយាមបន្ទុចបង្អាក់មុខមាត់ ក៏ដូចជាដំណើរវិវឌ្ឍន៍របស់ជាតិសាសន៍ខ្លួនឯងទៅវិញ៕















































