សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែចាត់ទុកការផ្សារភ្ជាប់សុខទុក្ខ និងការរស់នៅជាមួយប្រជាពលរដ្ឋជាគោលនយោបាយស្នូល ទាំងក្នុងកាលៈទេសៈរីកចម្រើន និងពេលជួបការលំបាក។
ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងមិនដែលបោះបង់ ឬរត់ចោលប្រជាពលរដ្ឋនោះឡើយ នៅពេលដែលប្រជាពលរដ្ឋជួបប្រទះការលំបាក ឬគ្រោះអាសន្នផ្សេងៗ នៅជាមួយប្រជាពលរដ្ឋជានិច្ច គឺនៅចាំជួយប្រជាពលរដ្ឋ។ បន្ថែមពីនោះទៀត រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅក្បែរប្រជាជនគ្រប់កាលៈទេសៈ មិនថាជួបបញ្ហាប្រឈមធម្មជាតិដូចជា ភាពរងា កម្តៅខ្លាំង កង្វះខាតទឹក ឬគ្រោះទឹកជំនន់ឡើយ ដែលបង្ហាញពីតួនាទីបង្អែករបស់រដ្ឋ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រៀបធៀបរាជរដ្ឋាភិបាលទៅនឹង ប្តីប្រពន្ធ ដែលសង្កត់ធ្ងន់លើភាពស្មោះត្រង់ និងការមិនបោះបង់គ្នាក្នុងគ្រាលំបាក ដែលជានិមិត្តរូបនៃស្ថិរភាពសង្គម៕





