សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការជួយនាវា Villa Via Odyssey គឺជាគុណធម៌ និងការស្វាគមន៍យ៉ាងកក់ក្ដៅ របស់ប្រជាជនកម្ពុជា, កម្ពុជាមិនមែនជាអ្នកមានទេ តែមានទឹកចិត្តជួយនៅពេលអ្នកទាំងនោះមានទុក្ខ!


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ប៉ុន្ដែថ្ងៃមុននេះកម្ពុជាបានជួយដល់នាវា Villa Via Odyssey ឲ្យចុះចតបន្ទាប់ពីក្រុមហ៊ុនលើកហេតុផលថា អស់ថវិកាដោយសារប្រេងឥន្ធនៈឡើងថ្លៃ។ ការជួយនាវា Villa Via Odyssey នេះគឺជាគុណធម៌ និងការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជនកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនត្រឹមតែអនុញ្ញាតឲ្យជនបរទេសជាង ២០០នាក់ នៅលើនាវា Villa Via Odyssey ចូលចុះចតប៉ុណ្ណោះទេ យើងថែមទាំងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយគ្មានចង់បានអ្វីទាំងអស់ពីភ្ញៀវបរទេសទាំងនោះ។ នេះជាវប្បធម៌ និងទឹកចិត្តប្រជនកម្ពុជា កម្ពុជាមិនមែនជាអ្នកមាន តែពេលអ្នកទាំងនោះមានទុក្ខ គឺយើងបានជួយ និងដោះស្រាយជូន។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញចូលរួម ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងបញ្ហាសេដ្ឋកិច្ច រឿងអ្វីផ្សេងៗជារឿងផ្សេង ប៉ុន្ដែពេលនេះមនុស្សជាង២០០នាក់ កំពុងលំបាកនៅក្នុងនាវាយើងត្រូវតែជួយ ។ ជាក់ស្ដែងកាលអំឡុងពេលកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍នាវា ទេសចរណ៍ Westerdam ចុះចតនៅកម្ពុជា ខណៈនាវាមួយនេះមិនត្រូវបានឲ្យចុះចតនៅកន្លែងផ្សេងឡើយ តែកម្ពុជាបានទទួល និងជួយដល់មនុស្សនៅក្នុងនាវាទាំងនោះ។

សម្តេចមហាបវរធិបតី បានថ្លែងថា នេះជាគុណធម៌មួយរបស់កម្ពុជា ប្រជាជនកម្ពុជាយើងក៏ធ្លាប់រត់រសាត់អណ្ដែត ហើយគេទទួលយកយើងដូចគ្នា ដូច្នេះពេលមនុស្សមានទុក្ខលំបាកកម្ពុជាស្វាគមន៍ជានិច្ច។ តាមពិតទៅយើងមានសិទ្ធិក្នុងការមិនទទួល ប៉ុន្ដែភាពមានមនុស្សធម៌ ការទទួលខុសត្រូវចំពោះមនុស្សដូចគ្នា យើងមិនត្រឹមតែអនុញ្ញាតឲ្យនាវាចូលចតប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏មិនកំណត់ពេល លើការកំណត់ការចាកចេញនោះឡើយ មិនត្រឹមតែប៉ុណ្ណោះកម្ពុជាបានអនុញ្ញាតឲ្យចាស់ៗ ប្រមាណ២០០នាក់ ចុះមកក្រោមដើម្បីសម្រាកនៅសណ្ឋាគារថែមទៀតផង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះរដ្ឋមន្រ្ដីទេសចរណ៍បានធ្វើដំណើរ ទៅទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងនោះទៀតផង កម្ពុជាបានជ្រើសយកជម្រើសដោយអនុញ្ញាត និងទទួលស្វាគមន៍ ព្រមទាំងគ្មានចង់បានអ្វីទាំងអស់ពីភ្ញៀវបរទេសទាំងនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «នេះជាវប្បធម៌ និងជាទឹកចិត្តរបស់ប្រជាជនកម្ពុជា កម្ពុជាមិនមែនជាប្រទេសអ្នកមាននោះទេ ប៉ុន្ដែនៅពេលដែលអ្នកមានទុក្ខយើងជួយ, យើងដោះស្រាយ។ ឥឡូវនេះនាវា Villa Via Odyssey បានចាកចេញពីកម្ពុជាហើយ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ»។

សូមជម្រាបថា កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាទេសចរណ៍ Villa Vie Odyssey បានធ្វើដំណើរចាកចេញពីកម្ពុជាប្រកបដោយភាពរលូន និងសុខសុវត្ថិភាព បន្ទាប់ពីជាប់គាំងនៅកម្ពុជាជាងមួយសប្ដាហ៍។

ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ភ្ញៀវទេសចរអន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា បានសម្តែងនូវក្តីរំភើបចំពោះការយកចិត្តទុកដាក់របស់កម្ពុជា បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា៕