សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍


(ពោធិ៍សាត់)៖ ថ្លែងចេញពីទឹកដី នៃខេត្ដពោធិ៍សាត់ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការ ជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញ ខ្ញុំទើបឯកភាពទៅលើគម្រោង ប្រមាណ២៧០លានដុល្លារ ដែលត្រូវអនុវត្ដចំនួន១៨ខែ ហើយគម្រោងនេះ យើងធ្វើការជាមួយធនាគារពិភពលោក ដើម្បីបង្វិលថវិកាក្នុងគម្រោង ដែលយើងធ្វើផ្លូវ»។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល យកលុយ២៧០លានដុល្លារនេះ មកធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធដដែល គ្រាន់តែមិនប្រើរោងចក្រ ដោយធ្វើកុងត្រាជាមួយសហគមន៍ ដើម្បីផ្ដល់ការងារនៅក្នុងសហគមន៍ ដូច្នេះថវិកានេះ មិនត្រឹមតែបានក្រុមហ៊ុនកុងត្រានោះទេ គឺចូលទៅក្នុងសហគមន៍។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាកថ់ថា គម្រោងនេះ ត្រូវអនុវត្ដជាបន្ទាន់ ដោយមិនត្រូវចាំ៥ឆ្នាំនោះទេ គឺដាក់ចូលដើម្បីធ្វើ នៅក្នុងរយៈពេល១៨ខែ ចាប់ផ្ដើមពីដើមឆ្នាំ២០២៧តទៅ៕