អភិបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុនៅប្រទេសឆែក ជើងហោះហើរត្រង់ព្រះសីហនុ-ឆែក គ្រោងដំណើរការនៅថ្ងៃទី១៩ ខែធ្នូ


(ឆែក)៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនទេសចរណ៍ «DERTOUR Group (EXIM tours & FISCHER)» ដែលមានមូលដ្ឋាននៅសាធារណរដ្ឋឆែក នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តចូលរួមកម្មវិធី «ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ និងជើងហោះហើរត្រង់ពីសាធារណរដ្ឋឆែកមកកាន់ខេត្តព្រះសីហនុ» ដែលជាវេទិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ទីផ្សារប្រទេសឆែក និងតំបន់អឺរ៉ុប។

ក្នុងវេទិកានេះ អ្វីដែលជាចំណុចសំខាន់ និងជាប្រវត្តិសាស្ត្រនៃវេទិកានេះ គឺការផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការជើងហោះហើរតាមរដូវកាល (Charter Flight) ជាលើកដំបូងបង្អស់ពីទីក្រុងប្រាហ្គ (Prague) សាធារណរដ្ឋឆែក មកកាន់ខេត្តព្រះសីហនុ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៧។

គម្រោងនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន «DERTOUR Group» ដោយភ្ជាប់ជាមួយកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអឺរ៉ុបមកកាន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងកោះធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ខណៈដែលតំណាងរីសតជាច្រើននៅលើកោះរ៉ុង ក៏បានចូលរួមធ្វើបទបង្ហាញ ណែនាំអំពីសេវាកម្ម កន្លែងស្នាក់នៅកម្រិតប្រណិត និងបទពិសោធន៍ទេសចរណ៍ពិសេសៗជូនដល់ទីភ្នាក់ងារទេសចរណ៍ និងអ្នកចូលរួមផងដែរ។

វត្តមានរបស់ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងវេទិកានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីរុញច្រានការផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ និងត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់ដែនដីឆ្នេរសមុទ្រតារារះនាទិសនិរតី៕