(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការដំឡើងប្រាក់បៀវត្សអប្បបរមា សម្រាប់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២៧ ដើម្បីបន្តលើកកម្ពស់ និងគាំទ្រដល់សុខុមាលភាពមន្ត្រីរាជការ បន្ទាប់ពីនៅឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលខកខាន ក្នុងការដំឡើងបៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយសារជួបវិបត្តិផ្ទួនៗ។
នេះបើយោងតាម ឯកសារសេចក្តីថ្លែងហេតុអំពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ២០២៧ មានស្ថានភាពដូចខាងក្រោម៖
* បៀវត្សមន្ត្រីរាជការស៊ីវិលទូទៅនឹងត្រូវបានដំឡើងពីចំនួន ១ ៣៩៦ ៩៥០រៀល នៅឆ្នាំ២០២៦ ដល់ប្រមាណ ១ ៤៤៦ ៩៥០រៀលនៅឆ្នាំ២០២៧។
* បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យនឹងត្រូវបានដំឡើងពីចំនួន ១ ៤៩៦ ៩៥០រៀលនៅឆ្នាំ២០២៦ ដល់ប្រមាណ ១ ៥២៦ ៩៥០រៀល នៅឆ្នាំ២០២៧។
* បៀវត្សនគរបាលជាតិ (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួន១ ៤៨៣ ៩២៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២៦ ដល់ប្រមាណ ១ ៥៣៣ ៩២៧រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២៧។
* បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ១ ៣៤៦ ៥៥០រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០២៦ ដល់ប្រមាណ ១ ៣៩៦ ៥៥០រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៤៥៥ ០២៧រៀល នៅឆ្នាំ២០២៧។
ទន្ទឹមនេះសម្រាប់ឆ្នាំ២០២៧ មន្ត្រីជាប់កិច្ចសន្យា នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៨១០ ០០០រៀល កើនចំនួន២០០០០រៀលធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។
ចំណែកឯនិវត្តជនជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជននឹងទទួលបានប្រាក់សោធនអប្បបរមាប្រចាំខែចំនួន ៨៧៥ ០០០រៀល កើនចំនួន៣០០០០រៀល ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។
សូមជម្រាបថា ការដំឡើងបៀវត្ស និងប្រាក់ឧបត្ថម្ភទាំងនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន ស្របពេលដែលរាជរដ្ឋាភិបាលបន្តខិតខំលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អ្នកបម្រើការងារក្នុងវិស័យសាធារណៈ៕

