(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈចំនួន ៦ ៤៤៧ ប៊ីលានរៀល ឬប្រមាណ១.៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៧ កើនឡើង ១៣,៤% បើធៀបនឹងឆ្នាំ២០២៦។ ទំហំនេះមានសមាមាត្រ ២៣,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ស្មើនឹង ២,៦៩% នៃផ.ស.ស.។ នេះបើយោងតាមសេចក្តីថ្លែងហេតុ អំពីសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ (ច្បាប់ថវិកាជាតិ)។
ថវិកានេះនឹងផ្តល់ការគាំទ្រដល់កម្មវិធី និងសកម្មភាពការងារជាអាទិភាពជាច្រើន រួមមានការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងកិច្ចប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ។ ជាមួយគ្នានេះ ថវិកាក៏នឹងផ្តោតលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការអនុវត្តកិច្ចការសន្តិសុខមិនប្រពៃណី ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស។
បន្ថែមពីនេះ ការលើកកម្ពស់ជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ ការហ្វឹកហ្វឺន ការគ្រប់គ្រងយុទ្ធោបករណ៍ ការផលិតលិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងការធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យព្រំដែន ក៏ជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់។
ថវិកានេះក៏នឹងគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ការអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនកម្លាំងនគរបាលជាតិ ការគ្រប់គ្រងពន្ធនាគារ និងការពង្រឹងគុណភាពប្រព័ន្ធយុត្តិធម៌ ព្រមទាំងការផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រផងដែរ។
ការបែងចែកថវិកានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ៕

