សម្តេចប្រធានរដ្ឋសភា៖ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតលើកុមារ ដែលជាអនាគតធនធានសំខាន់របស់ប្រទេសជាតិ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតលើកុមារ ដែលជាអនាគតធនធានសំខាន់របស់ប្រទេសជាតិ។ ការយកចិត្តទុកដាក់លើកុមារនៅកម្ពុជា បានធ្វើឡើងតាំងពីក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីមកម្លេះ ហើយការងារនេះ បាននិងកំពុងបន្តលើកកម្ពស់យកចិត្តទុកដាក់ ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ការកសាងមូលធនមនុស្ស ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល​។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្តេចបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុតជូនលោកស្រី Najat Maalla M’jid និងគណៈប្រតិភូ។ សម្តេចបានថ្លែងកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបេសកកម្មអង្គការសហប្រជាជាតិ ជាពិសេសលើការងារស្ត្រី និងកុមារនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ក្រោយការដួលរលំនៃរបបខ្មែរក្រហម កម្ពុជាបានចាប់ផ្តើមកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេ។ បើទោះបីជាការបោះឆ្នោតជាសកលក្នុងឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងក៏ដោយ ក៏សង្គ្រាមស៊ីវិលនៅតែបានបន្តអូសបន្លាយ ហើយកម្ពុជាត្រូវរង់ចាំរហូតដល់ចុងឆ្នាំ១៩៩៨ ទើបយើងទទួលបានសន្តិភាពពេញលេញ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងអំឡុងពេលនៃសង្គ្រាមស៊ីវិល ស្ត្រីនិងកុមារ គឺជាអ្នកដែលរងគ្រោះខ្លាំងជាងគេ ហើយការឈឺចាប់ទាំងនោះបានក្លាយជាមេរៀនដ៏ធំធេងដែលជំរុញឱ្យយើងប្តេជ្ញាការពារអនាគតរបស់កម្ពុជា ជាពិសេសប្រជាជន និងកុមារកម្ពុជា មិនឱ្យរងនូវជោគវាសនាដូចពីអតីតកាលម្តងទៀតឡើយ។

ក្នុងរយៈពេលជាងពីរទសវត្សរ៍នៃសុខសន្តិភាព កម្ពុជាសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិរបស់ស្ត្រី និងកុមារ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងដឹងច្បាស់ថា នៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវបន្តធ្វើរួមគ្នា ជាពិសេសក្នុងការកំណត់ និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជាហានិភ័យថ្មីៗនៅក្នុងយុគសម័យឌីជីថល និងផលប៉ះពាល់គ្រប់ទិដ្ឋភាពដែលកើតចេញពីជម្លោះព្រំដែនថ្មីៗនេះមកលើស្ត្រី និងកុមារកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាពេញចិត្តនឹងរួមសហការជាមួយអង្គការសហប្រជាជាតិជាបន្តទៀត ដើម្បីកុមារ និងស្ត្រីនៅកម្ពុជា ក៏ដូចជាកុមារ និងស្ត្រីនៅទូទាំងពិភពលោក។

លោកស្រី Najat Maalla M’jid បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវផែនការជាតិប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ ដែលស្របនឹងកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាព អង្គការសហប្រជាជាតិ (SDGs)។ លោកស្រីបានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក ទទួលជួបពិភាក្សាការងារជាមួយលោកស្រី និងគណៈប្រតិភូនៅក្នុងឱកាសនេះ។

លោកស្រី តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការអំពើហិង្សាលើកុមារ បានជម្រាបពីលទ្ធផលសំខាន់ៗ នៅក្នុងបេសកកម្មរបស់លោកស្រី និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅក្នុងនោះគណៈប្រតិភូបានជួបពិភាក្សា និងសិក្សាស្វែងយល់ពីការអនុវត្តការងារលើកិច្ចការពារកុមារនៅកម្ពុជាផងដែរ។

នៅក្នុងឱកាសនៃបេសកកម្មការងារនេះ លោកស្រីក៏មានកិត្តិយសខ្ពង់ខ្ពស់បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ។

លោកស្រី Najat Maalla M’jid បានគោរពស្នើសុំអនុសាសន៍ និងការចែករំលែកការងាររដ្ឋសភាលើកិច្ចការពារស្ត្រី និងកុមារពីសម្តេចប្រធានរដ្ឋសភាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានពន្យល់យ៉ាងលម្អិតពីតួនាទីសំខាន់ៗទាំងបីរបស់រដ្ឋសភា មានការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមនឹងស្ថានភាពស្មុគស្មាញ មានហានិភ័យខ្ពស់ដូចបច្ចុប្បន្ននេះ ការងារការទូតសភាក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ។ រដ្ឋសភាកម្ពុជាបានបំពេញបេសកកម្មការទូតសភាប្រកបដោយលក្ខណៈបុរេសកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសជាមិត្តទាំងអស់។

បន្ថែមពីនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សភាកម្ពុជាមានលក្ខណៈពិសេសជាងសភាដទៃ ដោយសារក្នុងចំណោមគណៈកម្មការទាំង១០ មានគណៈកម្មការមួយគឺ គណៈកម្មការទី១ ទទួលបន្ទុកការងារសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអធិការកិច្ច។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជាបានបង្កើត «ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី» ដើម្បីលើកកម្ពស់សំឡេង និងផលប្រយោជន៍របស់ស្ត្រី និងកុមារនៅក្នុងសង្គមផងដែរ។

សម្តេចប្រធានរដ្ឋសភា និងលោកស្រី Najat Maalla M’jid បានពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាល ជឿជាក់ ទុកចិត្ត និងបើកចំហ ក្នុងការគាំទ្រដល់យន្តការនានាក្នុងការលើកកម្ពស់កុមារ និងស្ត្រី។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាមានច្បាប់ និងមានយន្តការច្បាស់លាស់នៅក្នុងការលើកកម្ពស់សិទ្ធិកុមារ។ រាជរដ្ឋាភិបាលមិនត្រឹមតែផ្តោតលើការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសគាំទ្រប្រកបដោយភាពកក់ក្តៅ តាមរយៈការដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ថែមទៀតផង៕