ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ជនបង្គោលលើការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់» ខេត្តកំពង់ធំ


ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃគណៈចលនាមហាជន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ជនបង្គោលលើការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់» ខេត្តកំពង់ធំ ដែលមានសមាជិក សមាជិកា ចូលរួមសរុបប្រមាណ ៥៦០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ បានថ្លែងស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានរាយការណ៍អំពី វឌ្ឍនភាពនៃការអនុវត្តការងារចលនាមហាជន និងវឌ្ឍនភាពការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលការងារមហាជនក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តកំពង់ ដែលបានបញ្ចប់ទៅដោយជោគជ័យ។

ឯកឧត្តមបានបញ្ជាក់ផងដែរថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ជនបង្គោលការងារមហាជនទាំងអស់ទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងយន្តការការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង សម្របសម្រួល និងចុះអនុវត្តការងារជាក់ស្តែងនៅមូលដ្ឋាន។