ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានទៅសួរសុខទុក្ខសិស្សម្នាក់ដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្ដដឹកសិស្សធ្លាក់ស្រះ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សូមរំលឹកថា នៅព្រឹកព្រលឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានសោនាដកម្មមួយបានកើតឡើងនៅលើដងផ្លូវ ដោយរថយន្ដឯកជនដឹកសិស្សសាលាប៊ែលធី គេចម៉ូតូរេចង្កូតធ្លាក់ចូលក្នុងទឹកស្រះ បានឆក់យកជីវិតសិស្សស្រីៗចំនួន៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២១នាក់។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងអណោចអធ័មបំផុតនេះ បានបង្កនូវក្ដីសោកសង្រេងយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក៏ព្រោះតែអ្នកជួបហេតុការណ៍ គឺសុទ្ធតែជាសិស្សសាលាដែលទើបធ្វើដំណើរចាកចេញពីផ្ទះតាមរថយន្ដរួមគ្នា ដើម្បីទៅក្រេបយកចំណេះដឹង ប៉ុន្ដែបែរជាជួបគ្រោះអកុសលគ្រាដែលការធ្វើដំណើរនេះ នៅសល់ប្រមាណ១គីឡូម៉ែត្រទៀតប៉ុណ្ណោះនឹងដល់សាលារៀនរបស់ពួកគេ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មានទទួលបាន បានបញ្ជាក់អំពីហេតុការណ៍ដែលបានកើតឡើង គឺរថយន្ដម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ (២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង រេចង្កូធ្លាក់ទឹកស្រះនៅខាងស្ដាំផ្លូវ។
ក្នុងរថយន្ដនោះ មានអ្នករួមដំណើរសរុបចំនួន២៦នាក់ (ប្រុស១២នាក់ ស្រី១៤នាក់) ដែលសុទ្ធតែជាសិស្សសាលាប៊ែលធី សាខាព្រែកតាមាក់។ ពួកគេជិះក្នុងរថយន្ដនេះរួមគ្នាចេញពីផ្ទះនៅស្រុកពារាំង ដើម្បីទៅសិក្សានៅសាលាប៊ែលធីសាខាព្រែកតាមាក់។
បន្ទាប់ពីរថយន្ដធ្លាក់ចូលទឹកភ្លាម ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ រួមជាមួយកម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ប៉ុន្ដែអកុសលមានក្មេងស្រីចំនួន៥នាក់ មិនអាចសង្គ្រោះបានដោយលង់ទឹកស្លាប់ ខណៈ៣នាក់រងរបួសធ្ងន់ (ស្រីម្នាក់) និងរងរបួសស្រាលចំនួន១៨នាក់ (ស្រី៨នាក់)។
នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល សហការជាមួយមន្ដ្រីជំនាញបច្ចេកទេសកោសល្យវិច័យ និងអង្គភាពការពារកុមារ (CPU-Child Protection Unit) បានចុះទៅពិនិត្យនៅកន្លែង កើតហេតុតាមនីតិវិធី។ ដោយឡែក សម្រាប់អ្នកបើកបរមិនបានរត់គេចឡើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើតេស្តរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-) ធ្វើតេស្តជាតិអាល់កុលលទ្ធផល 0,000mg/L ដើម្បីបន្តនីតិវិធី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា អ្នកបើកបររថយន្ដបង្កបើកបរល្បឿនលឿន ស្របពេលដែលមានម៉ូតូឆ្លងកាត់ផ្លូវ ហើយរថយន្តបើកបរគេចទៅស្ដាំខ្វះការប្រុងប្រយ័ត្ន៕












