សមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច គឺជាមូលនិធិមួយដ៏មានសារៈសំខាន់សម្រាប់ជួយឧបត្ថម្ភនិងគាំទ្រដល់សុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់យើង ព្រមទាំងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងស្ថាប័នទាំងមូល។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច។
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច ដើម្បីពិនិត្យ ពិភាក្សា និងតាមដានលើវឌ្ឍនភាពការងាររបស់សមាគម ដោយមានការចូលពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងប្រកាសជាផ្លូវការនូវការកែសម្រួលសមាសភាព នៃគណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ចថ្មី ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យបន្តពិនិត្យពិភាក្សាលើសកម្មភាពការងារ ការពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាព ការឧបត្ថម្ភគាំទ្រ និងការចូលរួមបំពេញភារកិច្ចឱ្យបានពេញលេញ ស្របតាមលក្ខន្តិកៈសមាគមសង្គហមិត្តភាព ដើម្បីបង្កើននូវទំនុកចិត្តជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច។

















