នៅព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.ស៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី ទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា។
នៅក្នុងសុន្ទរកថាថ្លែងបើករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងជាភាសាបារាំង ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមប្រកាសបើកជាផ្លូវការភូមិហ្វ្រង់កូហ្វូនី នាពេលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នេះជាលើកដំបូង, ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរ, ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់ តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត។ សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំកំពូលនាពេលនេះគឺជាខណៈពេលដ៏មានមោទនភាព, ជាខណៈពេលនៃសាមគ្គីភាព និងជាខណៈពេលនៃការអបអរដ៏រីករាយសម្រាប់យើងទាំងអស់គ្នា។
ផ្តើមពីទីក្រុងដាកា (Dakar) ដល់ទីក្រុងអេរវ៉ាន (Yerevan), ពីកោះដើបា (Djerba) ដល់ទីក្រុងប៉ារីស (Paris), ភូមិហ្វ្រង់កូហ្វូនី តែងតែរួមដំណើរជាមួយនឹងកិច្ចប្រជុំកំពូលជានិច្ច។ ភូមិហ្វ្រង់កូហ្វូនី គឺ ជាច្រកទ្វារបើកចំហរបស់កិច្ចប្រជុំកំពូល។ នៅកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ មកជួបជុំគ្នា រីឯនៅភូមិហ្វង់កូហ្វូនី ប្រជាជនតែងតែជួបប្រាស្រ័យទាក់ទងគ្នា ហើយនៅថ្ងៃនេះ ដល់វេនរាជធានីភ្នំពេញរបស់យើងខ្ញុំបើកច្រកទ្វារនេះទទួលស្វាគមន៍មិត្តភក្ដិទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភូមិហ្វ្រង់កូហ្វូនីរបស់យើង ត្រូវបានរៀបចំស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វរវាង ទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមក, រាជធានីរបស់យើងតែង តែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នា នៅទីនេះ ហើយប្រជាជនរបស់យើងក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងហ្វ្រង់កូហ្វូនី មានប្រវត្តិរួមគ្នាយូរលង់ណាស់មកហើយ។ ប្រទេសកម្ពុជាបានចូលជាសមាជិកសង្កេតការណ៍នៃអង្គការហ្វ្រង់កូហ្វូនី ក្នុងឆ្នាំ១៩៩១ មុននឹងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាសាបារាំងគឺជាភាសានៃការចងចាំ, ជាភាសាសម្រាប់ ការសិក្សា ចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។
កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថា សន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយ បានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ចំណែកឯប្រធានបទនៃភូមិហ្វ្រង់កូហ្វូនីរបស់យើង ក៏បានបង្ហាញ ពីស្មារតីនេះ ក្រោមពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ នៅកម្ពុជា, ស្នាមញញឹមមានអត្ថន័យលើសពីការស្វាគមន៍គ្នាទៅវិញទៅមក។ ស្នាមញញឹម តំណាងឱ្យភាពកក់ក្ដៅ, សន្តិភាព និង ក្តីសង្ឃឹម ហើយនាថ្ងៃនេះ ស្នាមញញឹមរបស់យើងខ្ញុំកំពុង រួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បណ្តាប្រទេសទាំងឡាយបានមកជួបជុំគ្នានៅក្នុងទីក្រុងនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ភ្ញៀវកិត្តិយសទាំងអស់ នឹងបានទស្សនាពន្លាជាតិរបស់ប្រទេសជាសមាជិកនានា, ភ្លក់រសជាតិនៃម្ហូបអាហារចម្រុះដ៏សម្បូរបែប, ស្ដាប់តន្ត្រី, និងទស្សនាស្នាដៃរបស់សិល្បៈករ, សិប្បករ, ផលិតករ និង សហគ្រិនវ័យក្មេងរបស់យើងផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក, ជាលំហនៃការផ្លាស់ប្តូរ, ការធ្វើពាណិជ្ជកម្ម និង នវានុវត្តន៍។ ហ្វ្រង់កូហ្វូនីប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ៖ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។
លើសពីនេះ, យើងខ្ញុំក៏បានគិតគូរជាពិសេសផងដែរដល់យុវជន របស់យើង។ ហ្វ្រង់កូហ្វូនីនាពេលអនាគត គឺជាបណ្ដុំនៃយុវជនរបស់យើង។
យុវជនរបស់យើងនឹងជាអ្នកបន្តសិក្សាដកបទពិសោធន៍, ជាអ្នកបន្ត បង្កើត, បន្តច្នៃប្រឌិតភូមិនេះ ហើយភូមិហ្វ្រង់កូហ្វូនីដែលបានរៀបចំ នាពេលនេះ ក៏ជាការរៀបចំសម្រាប់យុវជនផងដែរ។
ដូចគ្នានឹងទន្លេរបស់យើង, វប្បធម៌របស់យើងបានមកជួបគ្ន នៅទីនេះ។ វប្បធម៌នីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណផ្ទាល់ខ្លួន ប៉ុន្តែ បានមកជួបជុំគ្នាក្រោមបំណងប្រាថ្នារួមតែមួយគឺ៖ សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងវឌ្ឍនភាពរួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស ទាំងអស់ដែលបានអញ្ជើញមកពីគ្រប់ទិសទីនៃពិភពលោក ដើម្បីចូលរួម កម្មវិធីរបស់យើងនៅទីនេះ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, សូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ភ្ញៀវកិត្តិយស ទាំងអស់ ទទួលបានការស្នាក់នៅប្រកបដោយភាពរីករាយបំផុត។ សូមអញ្ជើញស្វែងយល់អំពីបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់ប្រជាជនកម្ពុជា, ទស្សនារាជធានីដ៏ស្រស់ស្អាតរបស់យើង, ភ្លក់រសជាតិម្ហូបអាហារខ្មែរ និងចែករំលែកមិត្តភាពជាមួយប្រជាជនរបស់យើង។
សូមឱ្យភូមិហ្វ្រង់កូហ្វូនីនេះបង្កើតបាននូវភាពជាដៃគូថ្មីៗ!
សូមឱ្យវប្បធម៌របស់យើងបានជួបជុំគ្នានៅទីនេះ!
សូមឱ្យយុវជនរបស់យើងបង្កើតបាននូវមិត្តភាពយូរអង្វែងជាមួយ គ្នានៅទីនេះ!
សូមឱ្យមហាគ្រួសាររបស់យើងរួបរួមគ្នាកាន់តែខ្លាំងក្លាបន្ថែមទៀត!
សម្តេចសូមប្រកាសបើកជាផ្លូវការនូវ ភូមិហ្វ្រង់កូហ្វូនី ចាប់ពីពេលនេះតទៅ !
ជយោ ហ្វ្រង់កូហ្វូនី! សូមឱ្យមិត្តភាពរវាងប្រជាជនយើងទាំងអស់កាន់តែរឹងមាំ និងស្ថិតស្ថេរ ជានិច្ច!
សូមអរគុណ និងសូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា!











