សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា មុនពេលសម្តេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញចូលរួម លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។
ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ នឹងបន្តកសាងលើសមិទ្ធផល ដែលសម្រេចបានក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន មានភាពធន់ និងត្រៀមខ្លួនសម្រាប់អនាគត។
ជាមួយគ្នានេះ កិច្ចប្រជុំកំពូលក៏នឹងផ្តល់វេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពន្លឿនការកសាងសហគមន៍អាស៊ាន ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងពង្រឹងការចូលរួមជាមួយដៃគូសន្ទនារបស់អាស៊ាន និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាន និងចាប់យកកាលានុវត្តភាពថ្មីៗ។
ក្រៅពីកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួនផងដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕


