កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាសញ្ញាសម្គាល់នៃមិត្តភាពកម្ពុជា-វៀតណាម និងប្រទេសដែលនិយាយភាសាបារាំង


កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» កិច្ចប្រជុំនេះកត់សម្គាល់ជាលើកដំបូង ដែលកម្ពុជាទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះ ដោយបញ្ជាក់ពីឋានៈ និងការរួមចំណែកកាន់តែសកម្មរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ក៏ដូចជានៅលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំមេដឹកនាំមកពីបណ្តាប្រទេស និងដែនដីជាច្រើន បង្កើតឱកាសឱ្យកម្ពុជាពង្រឹងទំនាក់ទំនងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្សព្វផ្សាយរូបភាពនៃប្រទេសដែលមានសន្តិភាព ស្ថិរភាព និងសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។ ក្នុងចំណោមមេដឹកនាំដែលចូលរួមកិច្ចប្រជុំនេះ វត្តមានរបស់ លោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាចំណុចលេចធ្លោមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់របស់វៀតណាមចំពោះកម្ពុជា និងព្រឹត្តិការណ៍ការទូតដ៏សំខាន់ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្រាប់កម្ពុជា ការចូលរួមរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម មិនត្រឹមតែរួមចំណែកដល់ភាពជោគជ័យរួមនៃកិច្ចប្រជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជាក់ស្តែងក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសជិតខាងទាំងពីរផងដែរ។ នេះគឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា និងវៀតណាមក្នុងការបន្តបង្កើនទំនាក់ទំនងកម្រិតខ្ពស់ ផ្លាស់ប្តូរយោបល់លើបញ្ហាដែលមានការយកចិត្តទុកដាក់រួម និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។ ក្នុងបរិបទដែលស្ថានការណ៍ក្នុងតំបន់ និងពិភពលោកកំពុងមានការប្រែប្រួលជាច្រើន ការរក្សាទំនាក់ទំនងមិត្តភាព ការបង្កើនកិច្ចសន្ទនា និងការសម្របសម្រួលនៅក្នុងវេទិកាអន្តរជាតិ មានសារៈសំខាន់ចំពោះផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ វត្តមានរបស់មេដឹកនាំជាន់ខ្ពស់វៀតណាម នៅរាជធានីភ្នំពេញ ក៏រួមចំណែកបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធ ការជឿទុកចិត្តគ្នា និងស្មារតីសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។

ជាការកត់សម្គាល់កម្ពុជា និងវៀតណាមមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ក្នុងនាមជាប្រទេសជិតខាង ដែលត្រូវបានកសាង និងអភិវឌ្ឍឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន។ ដោយចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈដំណើរទស្សនកិច្ច ការជួបប្រាស្រ័យទាក់ទងកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគីនានា។ ដោយបន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព មិត្តភាព និងស្មារតីសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមកម្ពុជា និងវៀតណាមបន្តជំរុញទំនាក់ទំនងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងដើរតួនាទីកាន់តែសំខាន់ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគ ពាណិជ្ជកម្ម និងការតភ្ជាប់រវាងមូលដ្ឋាននានា។

ក្នុងនាមជាសមាជិកសកម្មនៃអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង កម្ពុជា និងវៀតណាមមានគោលដៅរួមក្នុងការជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិរក្សភាពចម្រុះនៃវប្បធម៌។ សហគមន៍ហ្វ្រង់កូហ្វូនី មិនត្រឹមតែជាវេទិកាសន្ទនាពហុភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌឱ្យប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរអន្តរជាតិជាដើម។ ជាពិសេស ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មានអត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅ ខណៈដែលកិច្ចប្រជុំកំពូលនេះវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍វិញ បន្ទាប់ពីរយៈពេលជិតបីទសវត្សរ៍ គិតចាប់តាំងពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩៧។ ការបន្តវេនគ្នារវាងប្រទេសជិតខាងទាំងពីរ ក្នុងតួនាទីជាម្ចាស់ផ្ទះ បង្ហាញពីការរួមចំណែករបស់កម្ពុជា និងវៀតណាមចំពោះការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងបញ្ជាក់ពីតួនាទីកាន់តែសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ក្នុងយន្តការសហប្រតិបត្តិការអន្តរជាតិ។

ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការសមាហរណកម្មអន្តរជាតិរបស់កម្ពុជា ដែលរួមចំណែកលើកកម្ពស់កិត្យានុភាព និងឋានៈរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ការចូលរួមរបស់ លោក តូ ឡឹម អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម គឺជាសក្ខីភាពមួយនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងបង្កើតកម្លាំងជំរុញបន្ថែម ដើម្បីឱ្យប្រទេសទាំងពីរបន្តធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ។

ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រទេសជិតខាង ការជឿទុកចិត្តគ្នា និងផលប្រយោជន៍រួម កម្ពុជា និងវៀតណាមមានឱកាសជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការតភ្ជាប់ និងអភិវឌ្ឍរួមគ្នានាពេលខាងមុខ។ តាមរយៈនេះ ប្រទេសទាំងពីរបន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងតំបន់អាស៊ីអាគ្នេយ៍មួយដែលមានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព៕